(សេអ៊ូល)៖ ក្រុមរដ្ឋអាជ្ញាធរកូរ៉េខាងត្បូងកំពុងតែព្យាយាម បង្ខំឲ្យប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ផាក គឺនហេ ចូលមកធ្វើការស្រាយបំភ្លឺ និងឆ្លើយនូវរាល់សំនួរ ដែលពួកគេចោទសួរ ពាក់ព័ន្ធនឹងរឿងអាស្រូវនយោបាយដ៏ខ្មៅងងឹត ដែលកំពុងតែអង្រួនតំណែងប្រធានាធិបតីរបស់លោកស្រីយ៉ាងខ្លាំង។ នេះបើតាមសារព័ត៌មានយ៉ុនហាប់ ចេញផ្សាយនៅរសៀលថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦។
ក្រុមរដ្ឋអាជ្ញាកំពុងតែធ្វើការស៊ើបអង្កេតចំពោះករណីចោទប្រកាន់ ដែលថា លោកស្រីប្រធានាធិបតី បានប្រើប្រាស់អំណាចកំពូលរបស់ខ្លួនក្នុងការកាងមិត្តភក្តិជំនិត (លោកស្រី ឆយ ស៊ូនស៊ីល) និងដាក់សម្ពាធលើក្រុមហ៊ុនធំៗនៅកូរ៉េខាងត្បូង ឲ្យបង់ប្រាក់មូលនិធិឲ្យខ្លួន ដែលត្រូវបានគេអះអាងថាជាមូលនិធិចូលហោប៉ៅខ្លួនឯងនោះ។ ដោយឡែកប្រធានក្រុមហ៊ុនផលិតរថយន្តដ៏ល្បីមួយ និងក្រុមហ៊ុនអាកាសរណ៍កូរ៉េ ក៏ត្រូវបានរដ្ឋអាជ្ញាធរ ធ្វើការសាកសួររួចមកហើយដែរ។
គួរបញ្ជាក់ថា បាតុកររាប់សែននាក់បានប្រមូលផ្តុំគ្នានៅរដ្ឋធានីសេអ៊ូលនៅថ្ងៃសៅរ៍ម្សិលមិញ ចំពោះមុខការយាមកាមពីសមត្ថកិច្ចរាប់ម៉ឺននាក់ ដោយពួកគេបានស្រែកទាមទារឲ្យលោកស្រី ផាក ចុះចេញពីតំណែង ហើយក្នុងនោះភាគច្រើនបានអះអាងថា លោកស្រីមិនសក្កិសមដឹកនាំប្រទេសទៀតឡើយ៕