(អាមេរិក)៖ លោកស្រី ហ៊ីលឡារី គ្លីនតុន ដែលទើបចាញ់ឆ្នោតថ្មីៗនៅសហរដ្ឋអាមេរិក បានស្តីបន្ទោសចំៗទៅលើលោក James Comey ដែលបានធ្វើឲ្យលោកស្រីចាញ់ឆ្នោត ដែលកាលពីមុនបោះឆ្នោតសន្ទុះគាំទ្រលោកស្រីត្រូវបានគេមើលឃើញថានាំមុខលោក ដូណាល់ ត្រាំ ទៅហើយនោះ។ នេះបើតាមការចេញផ្សាយដោយ Reuters ដកស្រង់ដោយ Channel News Asia នៅថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦។
ការលើកឡើងរបស់លោកស្រី គ្លីនតុន គឺធ្វើឡើងនៅចំពោះមុខម្ចាស់ជំនួយនានារបស់យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកស្រី តាមរយៈវីដេអូ Conference។ លោកស្រី គ្លីនតុន ហាក់មិនបានបញ្ចេញប្រតិកម្មអ្វីឡើយ ចាប់តាំងពីការប្រកាសលទ្ធផលឆ្នោត និងថែមទាំងបានប្រកាសទទួលស្គាល់ជ័យជម្នះរបស់លោក ដូណាល់ ត្រាំ ថែមទៀតផង។
គួរបញ្ជាក់ថារយៈពេលអំឡុងជាង ១០ថ្ងៃមុនការបោះឆ្នោតមកដល់ ប្រធានការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI លោក Comey បានសម្រេចឲ្យមានការតាមដានឡើងវិញលើ រឿងអាស្រូវអ៊ីម៉ែល របស់លោកស្រី គ្លីនតុន ជាសាធារណៈដែលជារឿងមួយបង្កឲ្យអ្នកបោះឆ្នោតជាច្រើនងាករេចិត្តចេញពីលោកស្រី ជាពិសេសប្រជាជននៅតាមបណ្តារដ្ឋភាគកណ្តាលទៅខាងលិច៕