(ភ្នំពេញ)៖ បើផ្អែកតាមការផ្សាយ របស់សារព័ត៌មានអន្តរជាតិសំខាន់ៗលើពិភពលោកនៅយប់ និងព្រឹកថ្ងៃទី១៣ ខែវិច្ឆិកានេះ បានឱ្យដឹងថា កម្លាំងប៉ូលីសរបស់សហរដ្ឋអាមេរិក បានធ្វើប្រតិបត្តិការបង្ក្រាបយ៉ាងសាហាវព្រៃផ្សៃ ទៅលើហ្វូងបាតុកររាប់ពាន់នាក់ ដែលប្រឆាំងនឹងលទ្ធផលបោះឆ្នោត ប្រធានាធិបតីសហរដ្ឋអាមេរិកដែលបានបញ្ចប់ទៅ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦។
ក្រុមបាតុករទាំងនោះសុទ្ធតែជាអ្នកគាំទ្រគណបក្សចាញ់ឆ្នោត របស់លោកស្រី ហ៊ីលឡារី គ្លីនតុន។ ពួកបាតុករត្រូវបានប៉ូលីសប្រើអាវុធ បំផ្ទុះ បាញ់គ្រាប់បែកផ្សែង និងចាប់ខ្លួនជាង៣៥០នាក់ និងបាញ់របួសធ្ងន់ម្នាក់បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ សកម្មភាពបង្រ្កាបដ៏ឃោរឃៅទៅលើបាតុករហិង្សានេះ បានបណ្តាលឱ្យបាតុករមួយចំនួនរងរបួស នៅនឹងកន្លែង។ ទោះជាយ៉ាងណា ព្រឹត្តិការណ៍ដ៏រសើបនៃការផ្ទុះឡើងអំពើហិង្សា និងការបង្ក្រាបបាតុករយ៉ាងសាហាវ នៅក្នុងទឹកដីប្រទេសដែលគេតែងតែឱ្យឈ្មោះថា បិតាប្រជាធិបតេយ្យ និងកំពូលគោរពសិទ្ធិមនុស្សនេះ គេមិនបានឃើញអង្គការ Human Rights Watch, លោក Brad Adam, ផ្នែកសិទ្ធិមនុស្សនៅកម្ពុជា ធ្វើការទិតៀន រឺចេញសេចក្តីថ្លែងការណ៍ថ្កោលទោស អំពីរបស់ដែលពួកគេ ទាំងនោះតែងតែ ហៅថា ជាការរំលោភសិទ្ធិមនុស្ស រឺការប្រើកំលាំងដ៏ច្រើនជ្រុលហួសប្រមាណ ដោយហិង្សារបស់កំលាំងសម្ថកិច្ច ទៅលើហ្វូងបាតុករអហិង្សា។ ពោលគឺគ្មានការរិះគន់ បន្តិចទាល់តែសោះ ពីសកម្មភាពបង្ក្រាបដ៏សាហាវព្រៃផ្សៃនេះ។ បែរជានិយាយថា គាំទ្រការបង្រ្កាបដែលធ្វើបាតុកម្មហឹង្សា។
ដោយសម្រាប់រដ្ឋាភិបាលតួកគី បានសម្រេចចេញសេចក្តីព្រមានជាលើកដំបូង ទៅដល់ប្រជាជនរបស់ខ្លួនទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយមិនត្រូវធ្វើដំណើរទៅកន្លែងណា ដែលមានបាតុកម្មកើតឡើងនោះឡើយ ខណៈបាតុកម្មប្រឆាំងលោក ដូណាល់ ត្រាំ ប្រធានាធិបតីទើបជាប់ឆ្នោតថ្មីរបស់អាមេរិក កំពុងតែប្រព្រឹត្តទៅយ៉ាងក្តៅគគុក។
ងាកមកប្រទេសកម្ពុជាវិញ គេចងចាំបានយ៉ាងច្បាស់ថា អង្គការ សមាគម និងបណ្តាញព័ត៌មាន ដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាល និងគោរពសិទ្ធិមនុស្ស ជ្រុលនិយមទាំងនេះ តែងតែទិតៀន និងវាយប្រហារមិនសំចៃមាត់ នៅពេលដែលមានការទប់ស្កាត់សកម្មភាពបាតុកម្មហិង្សា រឺកុប្បកម្មម្តងៗនៅកម្ពុជា។
ជាក់ស្តែងក្រោយការបោះឆ្នោតឆ្នាំ២០១៣ កម្ពុជាក៏ជួបស្ថានភាពមិនខុសគ្នាប៉ុន្មានពីអាមេរិកនៅពេលនេះដែរ គឺគណបក្សប្រឆាំងនៅកម្ពុជា មិនទទួលយក លទ្ធផលបោះឆ្នោត ហើយប្រកាសធ្វើបាតុកម្មជារៀងរាល់ថ្ងៃ និងជារៀងរហូត ដើម្បីប៉ុនប៉ងដណ្តើមអំណាចផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដែលជាប់ឆ្នោត តាមបែបប្រជាធិបតេយ្យដោយការបោះឆ្នោត សេរី ត្រឹមត្រូវនិងយុត្តិធម៌ គឺបាតុករគាំទ្របក្សប្រឆាំង បានបង្កឡើងជាអំពើហិង្សា បំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជនជាច្រើនទៀតផង។
ដើម្បីទប់ទល់នឹងស្ថានការណ៍គ្រោះថ្នាក់នាពេលនោះ និងក្នុងគោលបំណងរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និង សណ្តាប់ធ្នាប់សង្គម រដ្ឋាភិបាលកម្ពុជាមិនបានប្រើកំលាំងប្រដាប់អាវុធទេ គ្រាន់តែប្រើកំលាំងសន្តិសុខខណ្ឌក្នុងចំនួនដ៏តិចតួចបំផុត ដើម្បីរារាំង ទប់ទល់និងសកម្មភាពអុកឡុក ហិង្សារបស់បាតុករប៉ុណ្ណោះ ប៉ុន្តែត្រូវបានក្រុមអង្គការសិទ្ធិមនុស្សជ្រុលនិយម ដែលមានទាំង អង្គការ NGO សមាគម និងបណ្តាញព័តមានបំពងសំលេងជួយបក្សប្រឆាំងខ្លះ ដែលទទួលលុយពីបរទេស ជាពិសេសពីអាមេរិក បានធ្វើការរិះគន់ និងថ្កោលទោសភ្លាមៗដោយឥតសំចៃមាត់ថា ជាការបង្ក្រាបរំលោភទៅលើសិទ្ធិបាតុករ ហើយថែមទាំងបានផលិតព័ត៌មាន បំភ្លៃ បំផ្លើស និងមួលបង្កាច់ជាច្រើន ដើម្បីសម្អុយកេរ្តិ៍ឈ្មោះរបស់កម្ពុជា។ ប៉ុន្តែនៅពេលនេះ យ៉ាងម៉េចវិញ ឬក៏ពួកគេគរថ្លង់ ខ្វាក់ភ្នែកអស់ហើយ? ហេតុអ្វីក៏ពួកគេមិនចេញមកថ្កោលទោស ឬ រិះគន់ការបង្ក្រាបបាតុករយ៉ាងព្រៃផ្សៃនៅអាមេរិកផង?
តើស្ថាប័នទាំងនោះធ្វើការងារសិទ្ធិមនុស្ស ដើម្បីតែរិះគន់ វាយប្រហាររដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅជួយជ្រោមជ្រែងបក្សប្រឆាំង រឺគ្រាន់តែជាឧបករណ៍បំពងសំលេង ឱ្យបក្សប្រឆាំងនៅកម្ពុជា ដើម្បីតែលុយជំនួយបរទេស ជាពិសេសលុយដែលចៅហ្វាយនាយខ្លួនកំពុងបង្ក្រាបបាតុករដ៏សាហាវនេះអោយ? តើសម្រាប់ប្រទេសកម្ពុជា ត្រូវតែគោរពសិទ្ធិបាតុករហិង្សាគ្រប់ពេលវេលា និងត្រូវហាមឃាត់មិនឲ្យរក្សាសណ្តាប់ធ្នាប់សង្គម ឬមិនឲ្យទប់ស្កាត់ពួកក្រុមអាណាធិបតេយ្យមែនទេ? ចុះហេតុអ្វីបានជានៅសហរដ្ឋអាមេរិក សមត្ថកិច្ចបង្ក្រាបពួកបាតុករបាន? តើនេះគេមិនហៅថា ស្តង់ដារពីរទេរឺអ្វី អំពីការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជា? ទាំងនេះគឺសុទ្ធតែជាសំនួរដែលអង្គការ Human Rights Watch, លោក Brad Adam វិទ្យុអាស៊ីសេរី, VOA, VOD និងអង្គការ NGOs ដូចជា Licadho ធ្វើការផ្អែកសិទ្ធិមនុស្សនៅកម្ពុជា គួរតែឆ្លើយប្រាប់ពលរដ្ឋកម្ពុជាផង ដើម្បីចៀសវាង ការអនុវត្តស្តង់ដារសិទ្ធិមនុស្សពីរផ្សេងគ្នា ក្នុងចំណោមប្រទេស ប្រជាធិបតេយ្យដូចគ្នា។
មួយវិញទៀត ស្ថានប័នដែលតែងតែអួតអាង និងនិយាយមិនដាច់ពីមាត់ ពីពាក្យថាសិទ្ធិមនុស្ស គួរតែមើលការចាត់វិធានការរបស់រដ្ឋអំណាចអាមេរិក ទៅលើក្រុមបាតុករនៅពេលនេះផង ថាវាសាហាវ និងឃោរឃៅកំរិតណា? តើមានយុត្តិធម៌ និងសច្ចធម៌ដែរឬទេ ចំពោះរដ្ឋាភិបាលកម្ពុជា នៅពេលដែលរារាំង និងទប់ស្កាត់ក្រុមបាតុករប្រឆាំង ហើយទទួលរងការវាយប្រហារ និងចោទប្រកាន់ថាផ្តាច់ការ ខណៈអាមេរិក ដែលមានងារជាបិតាប្រជាធិបតេយ្យ បង្ក្រាបហ្វូងបាតុករដោយអាវុធ យ៉ាងសាហាវព្រៃផ្សៃ បែរជាគ្មានអង្គការ សមាគម សិទ្ធិមនុស្សណា ហ៊ានហើបមាត់រិះគន់សូម្បីតែបន្តិច ទៅវិញនោះ?៕
សូមទស្សនាវីដេអូ ដែលបង្ហាញអំពីការបង្ក្រាបរបស់អាជ្ញាធរ អាមេរិកទៅលើបាតុករ!!!