(អាមេរិក)៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចទីក្រុង Portland បាញ់បណ្តាលឲ្យរងរបួស និងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ នៅអំឡុងពេលដែលសកម្មភាពតវ៉ាប្រឆាំងផ្ទុះហិង្សានឹងលោក ដូណាល់ ត្រាំ អនាគតប្រធានាធិបតីថ្មីរបស់អាមេរិក បានកើតមានឡើងយ៉ាងខ្លាំងបំផុតក្នុងទីកុ្រងនៃរដ្ឋ អូរ៉េហ្គន មួយនេះ។ នេះបើតាមសារព័ត៌មាន Washington Post ចេញផ្សាយនាព្រឹកថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦។
បើសម្តីរបស់មន្ត្រីប៉ូលិស ការបាញ់នេះមិនបានសំដៅលើបាតុករនោះឡើយ ប៉ុន្តវាអាចកំហុសរបស់សមត្ថកិច្ច ដែលបានព្យាយាមគ្រប់គ្រងបាតុកម្មអស់រយៈពេល ០៤ថ្ងៃជាប់ៗគ្នាដែលក៏អាចមានបញ្ហាផ្នែកសតិអារម្មណ៍កំឡុងពេល ដែលស្ថានការណ៍កំពុងតានតឹងបំផុតនេះ ទើបធ្វើការបាញ់ព្រមាន។ ក្រោយការបាញ់ប្រហារនេះដែរប៉ូលិសបានអះអាងថា ប្រជាជនជាច្រើនបានកើតមានការភ័យខ្លាច ដូច្នេះសមត្ថកិច្ចបានអំពាវនាវឲ្យបាតុករទាំងអស់ស្នាក់នៅផ្ទះ ដោយមិនត្រូវធ្វើបាតុកម្មអ្វីទៀតនោះឡើយ។
គួរបញ្ជាក់ថាជុំវិញស្ថានការណ៍ដ៏តានតឹងនេះអភិបាលទីក្រុង Porland លោក Charlie Hales បានលើកឡើងថា នេះជាបទពិសោធន៍ដំបូងហើយសម្រាប់ទីក្រុងនេះដែលមានការតវ៉ាដ៏ធំកើតឡើង ដែលជាការប្រឆាំងនឹងការបោះឆ្នោតជ្រើសរើសលោក ដូណាល់ ត្រាំ ធ្វើជាប្រធានាធិបតី។ គិតសរុបមកដល់យប់ថ្ងៃសៅរ៍ បាតុករ ៣៥០នាក់ហើយត្រូវបានប៉ូលិសចាប់ខ្លួន៕