(អង់ការ៉ា)៖ រដ្ឋាភិបាលតួកគី ដែលមើលមុខគ្នាមិនត្រង់ ជាមួយអាមេរិកចាប់តាំងពីថ្ងៃរដ្ឋប្រហារថ្ងៃទី១៥ ខែកក្កដា នោះបានសម្រេចចេញសេចក្តីព្រមានជាលើកដំបូង ទៅដល់ប្រជាជនរបស់ខ្លួនទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយមិនត្រូវធ្វើដំណើរទៅកន្លែងណា ដែលមានបាតុកម្មកើតឡើងនោះឡើយ ខណៈបាតុកម្មប្រឆាំងលោក ដូណាល់ ត្រាំ ប្រធានាធិបតីទើបជាប់ឆ្នោតថ្មីរបស់អាមេរិក កំពុងតែប្រព្រឹត្តទៅយ៉ាងក្តៅគគុក។ នេះបើតាមសារព័ត៌មានរុស្ស៊ី RT ចេញផ្សាយនៅមុននេះបន្តិច នាព្រឹកថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦។
ក្រសួងការបរទេសតួកគីបានអំពាវនាវឲ្យជនជាតិតួកគីទាំងអស់ គេចចេញឲ្យឆ្ងាយពីការប្រមូលផ្តុំ ហើយត្រូវប្រកាន់យកវិធីការពារសុវត្ថិភាពខ្លួនឯង ជាគោលទាំងនៅផ្ទះ និងកន្លែងធ្វើការ ឬក៏ត្រូវស្វែងរកសមត្ថកិច្ចឲ្យជួយភ្លាមៗ ក្នុងករណីដែលខ្លួនត្រូវបានគេរំលោភបំពាន និងរងគ្រោះដោយប្រការណាមួយ។ សម្រាប់ការព្រមាននេះផងដែរ ប្រទេសតួកគីបានផ្តោតសំខាន់បំផុតទទៅលើទីក្រុងធំៗ ដែលកំពុងកើតមានការតវ៉ារហូតដល់ថ្នាក់ទទួលរងការបាញ់បង្ក្រាប ពីសមត្ថកិច្ចមានដូចជា New York, Chicago, Philadelphia, Miami, Los Angeles, Seattle, Oakland និង Portland ជាដើម៕