(តាល់អាវីវ)៖ តុលាការអ៊ីស្រាអែល នៅថ្ងៃសុក្រ បានបដិសេធសំណើរបស់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ក្នុងការលើកពេលសវនាការកាត់ក្តីអំពើពុករលួយរបស់លោក ដោយច្រានចោលហេតុផលដែលលោកលើកឡើងថា ត្រូវផ្តោតលើ «បញ្ហាសន្តិសុខ» បន្ទាប់ពីសង្គ្រាមជាមួយអ៊ីរ៉ង់។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។
តុលាការស្រុកហ្សេរុយសាឡឹម បានសម្រេចថា សំណើរបស់លោក Netanyahu «មិនបានផ្តល់នូវមូលដ្ឋាន ឬហេតុផលលម្អិត» សម្រាប់ការលុបចោលសវនាការនោះទេ។ ការសម្រេចនេះ ធ្វើឡើងតែពីរថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានហៅសំណុំរឿងនេះថាជា «ការតាមប្រមាញ់មេធ្មប់» ហើយបានអំពាវនាវឲ្យ «លុបចោលជាបន្ទាន់»។
លោក Netanyahu ដែលបដិសេធរាល់ការចោទប្រកាន់ និងអះអាងថាវាជារឿងនយោបាយ បានស្នើសុំឲ្យមានការលើកពេលសវនាការជាច្រើនលើកមកហើយ ចាប់តាំងពីសវនាការបានចាប់ផ្តើមក្នុងឆ្នាំ ២០២០ ដោយតែងតែលើកឡើងពីវិបត្តិសន្តិសុខ រួមមានសង្គ្រាមនៅហ្គាហ្សា និងជម្លោះជាមួយអ៊ីរ៉ង់។
គួរបញ្ជាក់ថា ការបដិសេធរបស់តុលាការ បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបន្តដំណើរការនីតិវិធីយុត្តិធម៌ ទោះបីជាមានសម្ពាធផ្នែកនយោបាយពីក្នុង និងក្រៅប្រទេស និងស្ថានភាពសន្តិសុខក្នុងតំបន់កំពុងតែតានតឹងក៏ដោយ៕