(វ៉ាស៊ីនតោន)៖ មន្រ្តីជាន់ខ្ពស់សេតវិមានបានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា គ្រោងនឹងបើកកិច្ចពិភាក្សាក្រៅផ្លូវការមួយ ជាមួយនិងប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅក្នុងកិច្ចប្រជុំកំពូលនៃថ្នាក់ដឹកនាំអាស៊ី-ប៉ាស៊ីហ្វិក ដែលនឹងត្រូវប្រារព្ធឡើងនៅឯប្រទេសប៉េរូ នាសប្តាហ៍ក្រោយនេះ ហើយវានឹងក្លាយជាជំនួបទ្វេភាគីលើកចុងក្រោយបំផុតរវាងមេដឹកនាំនៃមហាអំណាចទាំងពីរ ខណៈលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា និងចាកចេញពីសេតវិមាន នៅខែមករាឆ្នាំ២០១៧ខាងមុខហើយនោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦។
អនុទីប្រឹក្សាផ្នែកសន្តិសុខជាតិលោក Ben Rhoades បានឲ្យដឹងទៀតថា នៅក្នុងឱកាសទៅចូលរួមកិច្ចប្រជុំកំពូល APEC នៅឯប្រទេសប៉េរូ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៩ ដល់ ២០ខែវិច្ឆិកានេះ លោក អូបាម៉ា ក៏មានគំរោងថានឹងជួបពិភាក្សាការងារជាមួយនិង ថ្នាក់ដឹកនាំនៃបណ្តាប្រទេសមួយចំនួនទៀតរួមមាន ប្រធានាធិបតីនៃប្រទេសប៉េរូផ្ទាល់ និងនាយករដ្ឋមន្រ្តីអូស្រ្តាលីដែលនឹងមានវត្តមាននៅទីនោះផងដែរ។
ចំណែកឯនៅមុខកិច្ចប្រជុំនៅប៉េរូ លោកប្រធានាធិបតីអាមេរិកដែលជិតផុតអាណត្តិរូបនេះ នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសក្រិកចំនួនពីរថ្ងៃ គឺចាប់ពីថ្ងៃទី១៥ដល់១៦ ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីនិងនាយករដ្ឋមន្រ្តីក្រិក ហើយក្រោយមកលោក អូបាម៉ា នឹងបន្តដំណើរទៅទីក្រុងប៊ែកឡាំង នៅថ្ងៃទី១៧ដល់១៨ ដើម្បីជួបជាមួយមេដឹកនាំអាល្លឺម៉ង់, បារាំង, អ៊ីតាលី, អេស្បាញ។
ជាចុងក្រោយលោក Rhoades បានបញ្ជាក់ថា «ពួកយើងរំពឹងថា ការបោះឆ្នោតនឹងក្លាយជាប្រធានដ៏ក្តៅគគុកនៅក្នុងចិត្តរបស់អ្នករាល់គ្នា នៅគ្រប់ទីកន្លែងដែលយើងធ្វើដំណើរទៅកាន់»៕