Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

របបសឹកមីយ៉ាន់ម៉ា នៅតែបន្តគ្រោងរៀបចំការបោះឆ្នោតសកល នៅចន្លោះចុងឆ្នាំនេះនិងដើមឆ្នាំក្រោយ (Video inside)

26-06-2025 14:15

(ណៃពិដោ)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានរាយការណ៍ថា ប្រមុខរដ្ឋាភិបាលយោធា បាននិយាយថា ប្រទេសអាស៊ានមួយនេះ នៅតែមានផែនការរៀបចំការបោះឆ្នោតសកល នៅអំឡុងខែធ្នូ ចុងឆ្នាំនេះ និងខែមករា ដើមឆ្នាំក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា The Global New Light of Myanmar បាននិយាយថា អំឡុងសន្និសីទសារព័ត៌មានមួយ នៅរដ្ឋធានិណៃពិដោកាលពីថ្ងៃពុធ ប្រមុខរដ្ឋាភិបាលយោធា លោក Min Aung Hlaing បានបន្តសន្យាថា ការបោះឆ្នោតសកល នឹងរៀបចំឡើងនៅចន្លោះខែធ្នូ ឆ្នាំ២០២៥ និងខែមករា ឆ្នាំ២០២៦ តាមការគ្រោងទុក។

គួរបញ្ជាក់ថា យោធាមីយ៉ាន់ម៉ាបានធ្វើរដ្ឋប្រហារផ្តួលរំលំ រដ្ឋាភិបាលស៉ីវិលកាលពីឆ្នាំ២០២១ ដែលជាហេតុនាំប្រទេសធ្លាក់ទៅក្នុង​សង្រ្គាមស៉ីវិលមកទល់សព្វថ្ងៃ។ យោធាបានព្យាយាមលើកកម្ពស់ ផែនការបោះឆ្នោតរបស់ខ្លួន ជាគន្លងផ្លូវមួយឆ្ពោះទៅរកសន្តិភាព។ ក៏ប៉ុន្តែស្របពេលសមាជិកអតីតរដ្ឋាភិបាលបន្តជាប់ឃុំឃាំង ហើយក្រុមប្រឆាំងគ្រោងធ្វើពហិការការបោះឆ្នោត បូករួមជាមួយទឹកដីមួយផ្នែកធំរបស់ប្រទេស ស្ថិតក្រោមការគ្រប់គ្រងរបស់កងកម្លាំងឧទ្ទាម ក្រុមអង្កេតការណ៍អន្តរជាតិយល់ឃើញថា ការបោះឆ្នោតមួយប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ ទំនងជាមិនអាចទៅរួចនោះទេ៕