Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វិមានក្រឹមឡាំង៖ លោក ពូទីន នឹងមិនទៅចូលរួមកិច្ចប្រជុំ BRICS នៅប្រេស៉ីលទេ ដោយសារតែដីកាចាប់ខ្លួនរបស់ ICC (Video inside)

26-06-2025 13:29

(មូស្គូ)៖ កាលពីថ្ងៃពុធ ទី២៥ ខែមិថុនា វិមានក្រឹមឡាំង បាននិយាយថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នឹងមិនធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូល BRICS នៅប្រទេសប្រេស៉ីលនាសប្តាហ៍ក្រោយឡើយ ដោយសារតែដីកាចាប់ខ្លួន ដែលត្រូវបានចេញប្រឆាំងនឹងរូបលោក ដោយតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

តុលាការ ICC បានចេញដីកាចាប់ខ្លួនលោក ពូទីន កាលពីឆ្នាំ២០២៣ ពោលគឺជាង១ឆ្នាំ បន្ទាប់ពីរុស្ស៉ីបានធ្វើសង្រ្គាមឈ្លានពានលើ​អ៊ុយក្រែន។ រុស្ស៉ីបានច្រានចោលការចោទប្រកាន់ទាំងអស់ ពាក់ព័ន្ធឧក្រិដ្ឋកម្មសង្រ្គាម ហើយបានចាត់ទុកដីកាចាប់ខ្លួននោះថា ឥតបានការណ៍។ ទោះជាបែបនេះក្តី វាមានន័យថា លោក ពូទីន ត្រូវថ្លឹងថ្លែងហានិភ័យរូបលោក អាចនឹងត្រូវចាប់ខ្លួន ប្រសិនបើធ្វើដំណើរទៅកាន់ប្រទេសណា ដែលជាប្រទេសហត្ថលេខីចំពោះសន្ធិសញ្ញារបស់ ICC។

កាលពីឆ្នាំ២០២៣ លោកប្រធានាធិបតីរុស្ស៉ី បានសម្រេចចិត្តមិនធ្វើដំណើរទៅអាហ្រ្វិកខាងត្បូង ដែលជាប្រទេសហត្ថលេខីនៃសន្ធិសញ្ញា ICC ដើម្បីចូលរួមកិច្ចប្រជុំកំពូល BRICS ដូចគ្នា។ យ៉ាងណាមិញ កាលពីឆ្នាំ២០២៤ លោក ពូទីន ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅដោយកម្រាលព្រំក្រហម នៅឯប្រទេសម៉ុងហ្គោលី បើទោះបីម៉ុងហ្គោលី ជាសមាជិក ICC ក៏ដោយ។

គួរបញ្ជាក់ថា បើតាមវិមានក្រឹមឡាំង លោក ពូទីន នឹងចូលរួមតាមវីដេអូអនឡាញ ក្នុងកិច្ចប្រជុំកំពូល BRICS ថ្ងៃទី៦-៧ ខែកក្កដា ដែលរៀបចំឡើងនៅប្រេស៉ីល។ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov នឹងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលនោះ ដោយផ្ទាល់ដើម្បីតំណាងឱ្យប្រទេសរុស្ស៉ី។ ដោយឡែក យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកចិន ប្រធានាធិបតីចិន លោក ស៉ី ជីនពីង ក៏គ្រោងមិនទៅចូលរួមកិច្ចប្រជុំ BRICS នៅប្រេស៉ីលដោយផ្ទាល់ដែរ៕