(ប៉េកាំង)៖ មជ្ឈមណ្ឌលឧតុនិយមជាតិចិន បានឱ្យដឹថាឥទ្ធិពលវិសម្ពាធបានវាយប្រហារលើខេត្ត Hainan ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ដោយនាំឱ្យមានភ្លៀងធ្លាក់ខ្លាំង លើតំបន់មួយដែលទើបតែរងគ្រោះដោយសារព្យុះទីហ្វុង Wutip កាលពីជាង២សប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV ដោយផ្អែកលើមជ្ឈមណ្ឌលឧតុនិយមជាតិចិន បានរាយការណ៍ថាវិសម្ពាធត្រូវបានរំពឹងថានឹងធ្វើដំណើរចេញពីទីក្រុង Wenchang ឆ្ពោះទៅកាន់ សមុទ្រចិនខាងត្បូង និងអាចវាយប្រហារជាលើកទី២ លើខេត្ត Guangdong នៃភាគខាងត្បូងប្រទេស មុននឹងថមថយចុះឥទ្ធិពល។ ព្យុះដ៏ខ្លាំង និងគ្រោះទឹកជំនន់ធ្ងន់ធ្ងរដែល ក្រុមអ្នកឧតុនិយមផ្សារភ្ជាប់ជាមួយការប្រែប្រួលអាកាសធាតុ បានបង្កជាបញ្ហាប្រឈមដ៏ធំសម្រាប់ក្រុមមន្ត្រីចិន និងកំពុងបង្កការគំរាមកំហែងដល់ប្រព័ន្ធការពារទឹកជំនន់ បង្ខំឱ្យប្រជាជនរាប់លាននាក់ត្រូវជម្លៀសខ្លួន ព្រមទាំងបង្កការខូចខាតដល់សេដ្ឋកិច្ចរាប់ពាន់លានដុល្លារ។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរចិន មនុស្ស៥នាក់ បានស្លាប់ និងរាប់ម៉ឺននាក់ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង ដោយសារការវាយប្រហារពីព្យុះ Wutip លើភាគខាងត្បូងប្រទេសចិន ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមិថុនាកន្លងទៅនេះ៕