(ឡាអេ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃពុធ ទី២៥ ខែមិថុនាថាលោកនឹងពិចារណាផ្ដល់ប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot បន្ថែមដែលអ៊ុយក្រែន ត្រូវការជាចាំបាច់ដើម្បីការពារខ្លួនប្រឆាំងនឹងការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ី ហើយថាលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ត្រូវតែបិទបញ្ចប់សង្រ្គាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការកត់សម្គាល់របស់លោក ត្រាំ ធ្វើឡើងក្រោយកិច្ចប្រជុំរយៈពេល៥០នាទីជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នាឱកាសចូលរួមកិច្ចប្រជុំកំពូល NATO ក្នុងទីក្រុងឡាអេ។ លោក ត្រាំ នៅឯសន្និសីទសារព័ត៌មានមួយបាននិយាយថា «ការផ្ដល់ប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot ជារឿងមួយដ៏ពិបាក ប៉ុន្តែយើងអាចនឹងពិចារណា ផ្ដល់បន្ថែម»។ លោក ហ្សេលេនស្គីក៏បានលើកឡើងពីប្រព័ន្ធការពារដែនអាកាសដែរ តែភ្លាមៗមិនទាន់ច្បាស់ថាតើលោក ត្រាំ ចង់សំដៅលើការផ្ដល់គ្រាប់មីស៊ីលបន្ថែម ឬក៏ប្រព័ន្ធទាំង មូលនោះទេ។

គួរបញ្ជាក់ថា នៅមុនចូលរួមកិច្ចប្រជុំ NATO កាលពីថ្ងៃពុធ លោក ហ្សេលេនស្គី បានបង្ហើបថាអ៊ុយក្រែនមានបំណងទិញប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot ប្រសិនបើសហរដ្ឋអាមេរិក មិនមានបំណងផ្ដល់ជាអំណោយទេនោះ៕