(វ៉ាស៊ីនតោន)៖ ជាថ្មីម្តងទៀតមនុស្សក្មេងចាស់ប្រុសស្រីរាប់សែននាក់នៅថ្ងៃសៅរ៍នេះ បានចូលរួមធ្វើមហាបាតុកម្មប្រឆាំងរដ្ឋាភិបាលដ៏ធំបំផុតមួយទៀត ក្នុងគោលបំណងសំដៅទាមទារឲ្យលោកស្រី ផាក គឺនហេ ដែលកំពុងតែទទួលរងឥទ្ធិពល នៃរឿងអាស្រូវនយោបាយដ៏ខ្មៅងងឹតស្ទើរតែងើបខ្លួនពុំរួចនោះ ឲ្យចុះចេញពីតំណែងជាប្រធានាធិបតីកូរ៉េខាងត្បូងជាបន្ទាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន យុនហ៉ាប់ នៅមុននេះបន្តិចនារសៀលថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦។
កងកម្លាំងប៉ូលិសប្រមាណ២៥,០០០នាក់ ត្រូវបានដាក់ពង្រាយ និងប្រដាប់ដោយសម្ភារៈសម្រាប់បង្រ្កាបអំពើហិង្សានានា ដែលអាចនឹងផ្ទុះឡើងនៅក្នុងអំឡុង ពេលធ្វើមហាបាតុកម្មមួយនេះ ហើយរនាំងការពារនិងយានយន្តរបស់ប៉ូលិសជាច្រើនគ្រឿង ត្រូវបានដាក់ឃាំងនៅតាមចក្រចេញចូលសំខាន់ៗ ជុំវិញវិមានប្រធានាធិបតីកូរ៉េខាងត្បូង «Blue House» ផងដែរ។ ប៉ូលិសទីក្រុងសេអ៊ូលបានឲ្យដឹងថាខ្លួនបានកម្លាំង ដើម្បីទប់ទល់នឹងក្រុមបាតុករ ចំនួន១៧០,០០០នាក់ ខណៈអ្នករៀបចំបាតុកម្មបានអះអាងថាចំនួនអ្នកចូលរួមតវ៉ាអាច នឹងកើនដល់មួយលាននាក់ នៅក្នុងការប្រមូលផ្តុំទ្រង់ទ្រាយធំប្រចាំសប្តាហ៍ទីបីនេះ។
គួរបញ្ជាក់ដែរថា កន្លងមកនេះដើម្បីបន្ធូរបន្ថយកំហឹងរបស់ប្រជាពលរដ្ឋកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ បានធ្វើការសូមអ័យទោសជាច្រើនលើកច្រើនសា និងបានរុះរើគណៈរដ្ឋមន្រ្តីរបស់ខ្លួនដោយផ្លាស់ប្តូរតំណែងមន្រ្តីជាន់ខ្ពស់ជាច្រើនរូប ហើយព្រមបានយល់ព្រមកាត់បន្ថយនូវអំណាចរបស់លោកស្រីខ្លះៗទៀតផង។ ម៉្យាងវិញទៀតលោកស្រី ផាក ក៏បានឯកភាពឲ្យរដ្ឋអាជ្ញាកូរ៉េខាងត្បូង បើកការស៊ើបអង្កេតមកលើរូបលោកស្រីជុំវិញរឿងអាស្រូវដែលមានស្រ្តីឈ្មោះ Choi Soon-sil ជាមិត្តភក្តិដ៏ជិតស្និទ្ធបំផុតជាដើមចមថែមទៀតផង ប៉ុន្តែទោះជាយ៉ាងណាក៏ដោយប្រជាជនកូរ៉េខាងត្បូង នៅតែមិនអាចអន់អោនឲ្យលោកស្រីបានជាដាច់ខាត៕