(ភ្នំពេញ)៖ ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បណ្ណាល័យមេគង្គ-ឡានឆាងទី៣ដែលស្ថិតនៅក្នុងសាលាបឋមសិក្សាព្រែកលៀប ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាពរបស់ឯកឧត្តម ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
ក្នុងនាមមូលនិធិសប្បុរសធម៌សុខភាពសាធារណៈបេកាំង និងមជ្ឈមណ្ឌលប្រទេសចិនសម្រាប់បោះពុម្ពនិងចែកផ្សាយ សៀវភៅទៅកាន់បរទេសដែលជាម្ចាស់ជំនួយ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានគូសរំលេចថា បណ្ណាល័យមេគង្គ-ឡានឆាងទី៣ មិនត្រឹមដើរតួនាទីជាឃ្លាំងឯកសារ សម្រាប់អំណានពេញមួយជីវិត ដល់សិស្សានុសិស្ស សាធារណជន និងអ្នករៀនភាសាចិនប៉ុណ្ណោះទេ ថែមទាំងជាវេទិកាចែករំលែកវប្បធម៌អំណាន និងជាមជ្ឈមណ្ឌលកំសាន្តប្រកបដោយពុទ្ធិ និងបទពិសោធន៍មហាសាលពីប្រទេសចិនថែមទៀតផង។
ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានមានប្រសាសន៍ថា ប្រទេសចិននិងកម្ពុជា គឺជាមិត្តជិតស្និទ្ធ និងជាគំរូជោគជ័យនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ កម្ពុជាតែងតែជាអ្នកគាំទ្រដ៏រឹងមាំ និងជាអ្នកចូលរួមយ៉ាងសកម្ម នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ហើយប្រទេសចិន និងកម្ពុជាបានរក្សាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ក្រោមក្របខណ្ឌឡានឆាង-មេគង្គ។ ក្នុងខែមេសា ឆ្នាំ២០២៥ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម Xi Jinping ប្រធានរដ្ឋចិនមកកាន់ប្រទេសកម្ពុជា ភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការពន្លឿនការកសាងសហគមន៍ឡានឆាង-មេគង្គ ជាមួយនឹងអនាគតរួមគ្នាសម្រាប់សន្តិភាពនិងវិបុលភាព។
ឯកឧត្តមឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាក៏បានគូសបញ្ជាក់បន្ថែមថា កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២៥នេះ បានឈានចូលដល់វ័យ១០ឆ្នាំហើយ ប្រទេសចិនមានឆន្ទៈបង្កើន កិច្ចសហប្រតិបត្តិការជាមួយ កម្ពុជានិងបណ្តាប្រទេសដទៃទៀត តាមដងទន្លេមេគង្គ ដើម្បីបង្កើត «កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ2.0» និងតាមរយៈគម្រោងកិច្ចសហប្រតិបត្តិការ ជាក់ស្តែង បន្ថែមទៀត ជួយប្រទេសនានាឱ្យសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ធ្វើឱ្យមានការផ្លាស់ប្តូរសង្គម និងវប្បធម៌កាន់តែស៊ីជម្រៅ និងលើកកម្ពស់ការយល់ដឹងគ្នា ទៅវិញទៅមក ព្រមទាំងមិត្តភាពរវាងប្រជាជននិងប្រជាជន ដើម្បីលើកកម្ពស់ការកសាងសហគមន៍ឡានឆាង-មេគង្គ ជាមួយនឹងអនាគតរួមគ្នាសម្រាប់ជាតិរៀងៗឱ្យកាន់តែស៊ីជម្រៅ និងជាក់ស្តែង។
ក្នុងនាមអាណាព្យាបាល សិស្សានុសិស្ស គណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ លោកស្រី ហុក ច័ន្ទឌី នាយិកា ស្តីទីសាលាបឋមសិក្សាព្រែកលៀប បានថ្លែងដោយក្តីរីករាយថា សោភណភាពដ៏ល្អប្រសើររបស់បណ្ណាល័យ បានលើកទឹកចិត្តដល់អាណាព្យាបាល និងសិស្សានុសិស្សជាច្រើនបានចុះឈ្មោះ ដើម្បីត្រៀមខ្លួនរួចរាល់ក្នុងការចូលអាន សៀវភៅទាំងភាសាខ្មែរ ទាំងភាសាចិនប្រកបដោយឯកសាសំបូរបែប បម្រើលើសពីកម្រិតនៅបឋមសិក្សា និងបានបម្រើដល់ការយល់ដឹងកាន់តែទូលំទូលាយ ពីអភិបាលកិច្ចប្រទេសចិន ទស្សនវិជ្ជាចិន និងវប្បធម៌ចិន រួមជាមួយឯកសារមហាសាលដទៃទៀត ពីប្រទេសចិនផងដែរ៕
វិទ្យុមិត្តភាពកម្ពុជាចិន