លោក ត្រាំ ថា នាពេលនេះ បទឈប់បាញ់អ៉ីរ៉ង់-អ៉ីស្រាអែល ចាប់ផ្តើមចូលជាធរមានហើយ (Video inside)
24-06-2025 13:37
(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា បទឈប់បាញ់រវាងអ៉ីរ៉ង់និងអ៉ីស្រាអែល ចាប់ផ្តើមចូលជាធរមានហើយនាថ្ងៃអង្គារនេះ ហើយបានទទូចឱ្យភាគីទាំងពីរ កុំរំលោភបំពាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២៤ ខែមិថុនា ឆ្នាំ២០២៥។
លោកប្រធានាធិបតីអាមេរិក បាននិយាយថា បទឈប់បាញ់ខាងលើ នឹងជាដំណើរការមួយប្រព្រឹត្តទៅជាដំណាក់កាល ដែលត្រូវប្រើពេលវេលាសរុប២៤ម៉ោង ចាប់ផ្តើមពីខ្ទង់ម៉ោង០៤៖០០នាទី តាមម៉ោង GMT ដោយអ៉ីរ៉ង់ជាអ្នកផ្អាកប្រតិបត្តិការទាំងអស់មុន ហើយអ៉ីស្រាអែលនឹងធ្វើដូចគ្នា នៅ១២ម៉ោងបន្ទាប់ពីនោះ។
មុនបទឈប់បាញ់ចូលជាធរមាន អ៉ីរ៉ង់នៅថ្ងៃអង្គារនេះ បានបាញ់មីស៉ីលជាច្រើនជុំទៅលើអ៉ីស្រាអែល ហើយក្រុមអ្នកសង្រ្គោះអ៉ីស្រាអែល អះអាងថា មនុស្សយ៉ាងហោច៤នាក់ បានស្លាប់ក្នុងការវាយប្រហារចុងក្រោយរបស់អ៉ីរ៉ង់។
គួរបញ្ជាក់ថា អ៉ីរ៉ង់និងអ៉ីស្រាអែល បានធ្វើសង្រ្គាមផ្លូវអាកាសដាក់គ្នាអស់រយៈពេល១២ថ្ងៃ ចាប់តាំងពីអ៉ីស្រាអែល បានបើកការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងអ៉ីរ៉ង់ កាលពីថ្ងៃទី១៣ ខែមិថុនា ដោយកំណត់គោលដៅលើទីតាំងនុយក្លេអ៊ែរ និងទីតាំងយោធា។ ការប្រយុទ្ធគ្នាជាច្រើនថ្ងៃមកនេះ បានបង្កឱ្យពិភពលោកព្រួយបារម្ភជាខ្លាំង ជាពិសេសនៅពេលដែលអាមេរិក បានសម្រេចចិត្តចូលរួមទម្លាក់គ្រាប់បែកលើអ៉ីរ៉ង់ កាលពីចុងសប្តាហ៍មុនថែមទៀត៕