(មូស្គូ)៖ វាពិតជារឿងដ៏កម្រណាស់សម្រាប់ប្រទេសរុស្ស៊ី ដែលប្រធានាធិបតីលោក វ៉្លាឌីមៀ ពូទីន នៅក្រោយការចេញលទ្ធផលបោះឆ្នោតនៅអាមេរិកនោះ បានប្រមូលផ្តុំមន្ត្រីរដ្ឋាភិបាលរបស់លោកក្នុងវិមានក្រឹមឡាំងកណ្តាលទីក្រុងមូស្គូ រួចលោកបានអានសេចក្តីថ្លែងការណ៍អបអរលោក ដូណាល់ ត្រាំ ជាប្រធានាធិបតីថ្មីរបស់អាមេរិក ដោយផ្ទាល់ថែមទៀតផង។ នេះបើតាមវីដេអូដែលចេញផ្សាយជាផ្លូវការដោយវិមានរដ្ឋាភិបាលរុស្ស៊ី និងត្រូវបានដកស្រង់ចេញផ្សាយនៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។ (ស្តាប់លោកប្រធានាធិបតីពូទីន អានសេចក្តីថ្លែងការណ៍ខាងក្រោម)
អត្ថន័យសំខាន់ៗនៅក្នុងសេចក្តីថ្លែងការណ៍នោះ គឺលោក ពូទីន បានសម្តែងក្តីសប្បាយរីករាយ នឹងអបអរចំពោះជោគជ័យនៃការបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ ដែលបានក្លាយជាប្រធានាធិបតីថ្មី នៃសហរដ្ឋអាមេរិក។ សេចក្តីថ្លែងការណ៍មានអត្ថន័យដូច្នេះថា៖ «យើងអាចកត់ចំណាំបានកាលលោក ត្រាំ នៅជាបេក្ខជនប្រធានាធិបតី ដែលកាលណោះ លោកបានប្រកាសអំពីនយោបាយរៀបចំ និងស្តារឡើងវិញនូវទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ី។ យើងយល់ច្បាស់ថា ផ្លូវទៅកាន់ទីនោះពិតជានឹងលំបាកក៏ព្រោះតែការធ្លាក់ដុនដាបនៃទំនាក់ទំនងរវាងអាមេរិក និងរុស្ស៊ី ដូចពេលបច្ចុប្បន្ននេះ»។
សេចក្តីថ្លែងការណ៍ដែលត្រូវបានអានដោយលោក ពូទីន ផ្ទាល់បានសង្កត់ធ្ងន់ទៀតថា៖ «ដូចដែលខ្ញុំធ្លាប់បានលើកឡើងជាច្រើនដងមកហើយថា វាមិនមែនជាកំហុសរបស់ពួកយើងនោះទេ ដែលបង្កឲ្យទំនាក់ទំនងរវាងអាមេរិក-រុស្ស៊ី ស្ថិតនៅក្នុងស្ថានភាពអាក្រក់បែបនេះ។ ប្រទេសរុស្ស៊ី ត្រៀមខ្លួនរួចរាល់ និងចង់ស្តារទំនាក់ទំនងលើគ្រប់វិស័យជាមួយនឹងសហរដ្ឋអាមេរិកឡើងវិញ។ ខ្ញុំសូមបញ្ជាក់ម្តងទៀត ខ្ញុំដឹងថាវានឹងជារឿងដ៏លំបាកមួយ ប៉ុន្តែយើងត្រៀមខ្លួនជានិច្ច ដើម្បីរួមចំណែកក្នុងកិច្ចការនេះ»។
គួរបញ្ជាក់ថាប្រទេសរុស្ស៊ី បានបង្ហាញជំហររបស់ខ្លួនយ៉ាងបើកចំហរបំផុត ដើម្បីឲ្យរដ្ឋបាលអាមេរិកថ្មី ចូលរួមស្តារទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញ ដែលវាត្រូវបានបំផ្លាញឲ្យធ្លាក់ដុនដាបខ្លាំងបំផុត ក្នុងរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា ហើយរុស្ស៊ីចង់ឲ្យទំនាក់ទំនងនេះវិលត្រឡប់មករកស្ថិរភាពវិញ ជាមួយនឹងរបត់នៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ ការចង់បានរបស់រុស្ស៊ីនេះ នឹងក្លាយជាផលប្រយោជន៍សម្រាប់ប្រជាជនទាំងពីរ អាមេរិក-រុស្ស៊ី ហើយក៏នឹងធ្វើឲ្យបរិយាកាសសកលលោកទាំងមូល មានភាពវិជ្ជមានឡើងវិញផងដែរ។
សរុបសេចក្តីមកភាពទទួលខុសត្រូវរបស់ អាមេរិក-រុស្ស៊ី ចំពោះមុខនោះគឺនិរន្តរភាពនៃស្ថិរភាព និងសន្តិសុខរបស់សកលលោក។ លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតថ្មីនៅអាមេរិកនោះ នឹងឡើងកាន់តំណែងជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧៕
(ស្តាប់លោកប្រធានាធិបតីអានសេចក្តីថ្លែងការណ៍)៖