(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនរបស់មហាសេដ្ឋីអចលនទ្រព្យលោក ដូណាល់ ត្រាំ បានរៀបចំរចនាសម្ព័ន្ធថ្មី ដើម្បីសំដៅផ្ទេរសិទ្ធិគ្រប់គ្រងទៅឲ្យកូនច្បងទាំងបីនាក់របស់លោក ត្រាំ ដែលកំពុងត្រៀមខ្លួននឹងឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកថ្មីនៅពេលឆាប់ៗនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters ចេញផ្សាយនាព្រឹកថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦។
ក្រុមហ៊ុន «Trump Organization» បានចេញសេចក្តីថ្លែងការណ៍មួយ ស្តីពីការរៀបចំនិតិវិធីសម្រាប់ការផ្ទេរសិទ្ធិគ្រប់គ្រង នៃមុខជំនួញដ៏ធំមហាសាលទៅឲ្យ Donald Trump Jr, Ivanka Trump, និង Eric Trump ដើម្បីកាន់កាប់និងមើលថែទាំជំនួសវិញ ហើយលើសពីនេះទៀតកូនទាំងបីរូបនេះ ដែលជាកូនច្បងគេនៅក្នុងចំណោមកូនៗ ទាំងប្រាំនាក់របស់លោក ត្រាំ ក៏ត្រូវបានតែងតាំងជាសមាជិក នៃគណៈកម្មាធិការប្រតិបត្តិទទួលបន្ទុក ការផ្លាស់ប្តូរតំណែងអគ្គនាយកផងដែរ។
គួរបញ្ជាក់ដែរថា លោក ដូណាល់ ត្រាំ ដែលជាឪពុកនឹងត្រូវចូលស្បថកាន់តំណែង ជាមេដឹកនាំកំពូលផុតលេខរបស់សហរដ្ឋអាមេរិកនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះ ហើយតួនាទីនេះវាមានបន្ទុកដ៏ធំធេងបំផុត ដែលសឹងតែគ្មានពេលវេលាសម្រាប់មករវីរវល់នូវរឿងមុខជំនួញរបស់ខ្លួននោះឡើយ ដែលហេតុនេះហើយ ទើបបានជាលោក ត្រាំ សម្រេចផ្ទេរសិទ្ធិគ្រប់គ្រងមុខជំនួញរាប់ពាន់លានដុល្លារនេះទៅឲ្យកូនច្បងទាំងបីរូបរបស់លោកដើម្បីគ្រប់គ្រងជំនួស៕