រដ្ឋមន្រ្តីការបរទេសអង់គ្លេស នឹងជួបសមភាគីអឺរ៉ុប សម្រាប់ការបើកកិច្ចចរចាជាមួយអ៉ីរ៉ង់ ជុំវិញកម្មវិធីនុយក្លេអ៊ែរ
20-06-2025 14:47
(ហ្សឺណែវ)៖ រដ្ឋមន្រ្តីការបរទេសអង់គ្លេស លោក David Lammy នឹងធ្វើដំណើរទៅកាន់ទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃសុក្រ ទី២០ ខែមិថុនានេះ សម្រាប់ការពិភាក្សាជាមួយសមភាគីអឺរ៉ុប មុនពេលមានកិច្ចចរចាស្តីកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ដំណើរទស្សនកិច្ចនេះ ធ្វើឡើងបន្ទាប់ពីលោកបានជួប រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio និងបេសកជនមជ្ឈិមបូព៌ា នៅក្នុងទីក្រុងវ៉ាស៉ីនតោន។ លោក Lammy បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងប្តេជ្ញាថា អ៉ីរ៉ង់មិនត្រូវមានអាវុធនុយក្លេអែរទេ។ នឹងមានរបកគំហើញមួយ ក្នុងពេលពីរសប្តាហ៍ខាងមុខ ឈានទៅសម្រេចបានដំណោះស្រាយការទូត»។
តាមទីភ្នាក់ងារសារព័ត៌មាន Reuters រដ្ឋមន្ត្រីការបរទេសរបស់មហាអំណាចអឺរ៉ុប ដែលត្រូវបានគេស្គាល់ថា E3 មានអង់គ្លេស បារាំង និងអាល្លឺម៉ង់ នឹងជួបជាមួយប្រមុខការទូត EU លោកស្រី Kaja Kallas នៅឯស្ថានបេសកកម្មអចិន្ត្រៃយ៍របស់អាល្លឺម៉ង់ ក្នុងទីក្រុងហ្សឺណែវ មុនពេលជួបប្រជុំរួមគ្នាជាមួយរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់។
គួរបញ្ជាក់ថា អ៉ីស្រាអែល និងអ៉ីរ៉ង់ បានធ្វើការវាយប្រហារដាក់គ្នាតាមផ្លូវអាកាស ចាប់តាំងពីសប្តាហ៍មុនមក បន្ទាប់ពីអ៉ីស្រាអែល បើកការវាយប្រហារមុនលើអ៉ីរ៉ង់។ អ៉ីរ៉ង់ បានលុបចោលកិច្ចចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក ជាមួយនិងការចោទប្រកាន់ថា សហរដ្ឋអាមេរិកបានដឹងឮ អំពីការវាយប្រហាររបស់អ៉ីស្រាអែល៕