(វ៉ាស៊ីនតោន)៖ ការដំណើរការឡើងវិញមួយសប្ដាហ៍ មុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ចំពោះការស៊ើបអង្កេតលើរឿងអាស្រូវ Email របស់លោកស្រី ហ៊ីលឡារី គ្លីនតុន ពីសំណាក់ការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI ត្រូវបានក្រុមអ្នកជំនាញមួយចំនួនមើលឃើញថា ជាមូលហេតុធ្វើឱ្យលោកស្រី គ្លីនតុន បរាជ័យក្នុងការបោះឆ្នោតដោយសំឡេងប្រកៀកប្រកិតបំផុតក្នុងរដ្ឋនីមួយៗ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០១៦។
ការបែកធ្លាយរឿងអាស្រូវ Email ដែលត្រូវចេញផ្សាយជាសាធារណៈដោយគេហទំព័រ Wikileaks បានធ្វើឱ្យរង្គោះរង្គើរយ៉ាងខ្លំាងដល់យុទ្ធនាការឃោសនាបោះឆ្នោត របស់លោកស្រី គ្លីនតុន រហូតដល់ថ្ងៃចុងក្រោយ ខណៈមានមនុស្សតិចតួចប៉ុណ្ណោះជឿថាវានឹងធ្វើឱ្យប៉ះពាល់លទ្ធផលបោះឆ្នោត។ ក៏ប៉ុន្តែ បើតាមក្រុមអ្នកជំនាញ អ្វីៗបានបង្ហាញកាន់តែច្បាស់ថារឿងអាស្រូវ Email នេះហើយជាហេតុផលធ្វើឱ្យលោកស្រី គ្លីនតុន បរាជ័យជាពិសេសគឺនៅក្រោយពេល FBI សម្រេចចិត្តបើកការស៊ើបអង្កេតសាជាថ្មី ១០ថ្ងៃនៅមុនការបោះឆ្នោតឈានចូលមកដល់។
ជុំវិញការអះអាងនេះដែរសាស្ត្រាចារ្យមួយរូបមកពីសាលកលវិទ្យាល័យ កាលីហ្វរញ៉ា លោក Raphael Sonenshein បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំជឿថាការស៊ើបអង្កេតរបស់ប្រធាន FBI លោក James Comey បានបង្កជាបញ្ហាដ៏ធំចំពោះលោកស្រី គ្លីនតុន ព្រោះថាបើគ្មានការស៊ើបអង្កេត នេះទេ លោកស្រីមុខជាអាចនឹងបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតបានដោយភាពវិជ្ជមាន។ ម្យ៉ាងវិញទៀតវា ក៏ជាការត្រួសត្រាយផ្លូវផងដែរ សម្រាប់លោក ត្រាំ ក្នុងការបង្កើតសម្ព័ន្ធភាពជាមួយនឹងអ្នកបោះឆ្នោត ហើយថែមទំាងបានទទួលការគាំទ្រយ៉ាងខ្លំាង ពីសំណាក់ប្រជាជនអាមេរិកស្បែកស»។
ប៉ុន្តែយ៉ាងណាក៏ដោយរឿងអាស្រូវ Email នេះមិនមែនជាមូលហេតុតែមួយគត់ ធ្វើឱ្យលោកស្រី គ្លីនតុន ចាញ់ ឆ្នោតនោះទេតែវាអាចដោយសារតែការរៀបចំយុទ្ធសាស្ត្រខុស របស់គណបក្សប្រជាធិបតេយ្យ។ នេះបើតាមក្រុមអ្នកប្រឹក្សាផ្នែកនយោបាយ Strategy Group Bill Fuhry រៀបរាប់បញ្ហាចម្បង ដែលជាដើមចមនៃការចាញ់ឆ្នោតដែល ភាគច្រើនគ្មាននរណានឹកស្មានដល់៕