ថៃ៖ ប៉ូលិស ចាប់ខ្លួនមនុស្ស ១៣នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមអនឡាញ នៅជាយក្រុងបាងកក
19-06-2025 11:23
(បាងកក)៖ មនុស្សចំនួន ១៣នាក់ ត្រូវបានចាប់ខ្លួន ដោយសង្ស័យពីការបើកដំណើរការទីតាំងឆបោកអនឡាញ នៅឯជាយក្រុងបាងកក នៃប្រទេសថៃ។ នេះបើតាមគេហទំព័រប៉ូលិសសហព័ន្ធអូស្ត្រាលី។
ប្រតិបត្តិការបង្រ្កាបខាងលើ បានធ្វើឡើងកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ ក្នុងចំណោមជនស្ស័យទាំង ១៣នាក់ មានជនជាតិអូស្រ្តាលី ៥នាក់ អង់គ្លស ៦នាក់ កាណាដាម្នាក់ និងអាហ្វ្រិកខាងត្បូងម្នាក់។
ពួកគេត្រូវបានចោទប្រកាន់ថា ជាបណ្តាញនៃក្រុមឧក្រិដ្ឋកម្មឆបោកក្រោមរូបភាពវិនិយោគ ដែលមានជនរងគ្រោះជាច្រើននាក់ នៅក្នុងប្រទេសអូស្ត្រាលី ចាប់តាំងពីគម្រោងអចលនទ្រព្យលំនៅដ្ឋានមួយលេចឡើង នៅទីក្រុងបាងកក ក្នុងខែមេសា ឆ្នាំ ២០២៥។ វត្ថុតាងដែលបានរកឃើញ បង្ហាញថាមានអ្នកចាញ់បោកអស់ប្រហែលជាង ១.៩លានដុល្លារ រយៈពេលត្រឹមតែពីរខែប៉ុណ្ណោះ។
ជនសង្ស័យត្រូវចោទប្រកាន់ពីបទសមគំនិត ក្នុងការប្រព្រឹត្តបទល្មើស ដែលផ្ទុយនឹងមាត្រា ២១០នៃក្រមព្រហ្មទណ្ឌថៃ។ បទល្មើសនេះ អាចជាប់ពន្ធនាគាររហូតដល់ ៥ឆ្នាំ៕