Reuters: សមត្ថភាពវាយលុកតាមផ្លូវអាកាសរបស់អ៉ីស្រាអែល មានឥទ្ធិលទូទាំងអ៉ីរ៉ង់ ប៉ុន្តែត្រូវការអាមេរិកជួយ ទើបអាចវាយប្រហារចូលទៅជ្រៅ (Video inside)
18-06-2025 14:35
(វ៉ាស៉ីនតោន)៖ អ្នកជំនាញនិយាយថា ការគ្រប់គ្រងរបស់អ៉ីស្រាអែល លើលំហអាកាសរបស់អ៉ីរ៉ង់ បន្សល់ទុកឧបសគ្គមួយចំនួនតូចប៉ុណ្ណោះ ក្នុងយុទ្ធនាការទម្លាក់គ្រាប់បែករបស់ខ្លួន ប៉ុន្តែអ៉ីស្រាអែល នឹងនៅជួបការលំបាក ក្នុងការវាយកម្ទេចទីតាំងនុយក្លេអ៊ែររបស់អ៉ីរ៉ង់ ដែលនៅជ្រៅក្រោមដី លុះត្រាតែមានការរួមដៃជាមួយសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៨ ខែមិថុនា ឆ្នាំ ២០២៥។
មន្ត្រីអ៉ីស្រាអែលជាច្រើននាក់ បានអួតអាងពីឧត្តមភាពយោធាផ្លូវអាកាសលើអ៉ីរ៉ង់ ខណៈដែលយោធាអ៉ីស្រាអែល បានប្រដូចការគ្រប់គ្រងលើទីអាកាសរបស់អ៉ីរ៉ង់ ទៅនិងការគ្រប់គ្រងរបស់ខ្លួនលើដែនអាកាស នៅតំបន់ជម្លោះដទៃទៀត ជាមួយសត្រូវដែលគាំទ្រដោយអ៉ីរ៉ង់ ដូចជានៅហ្កាហ្សា និងនៅលីបង់។ យ៉ាងនេះក្តី មន្រ្តីខ្លះក៏ទទួលស្គាល់ដែរថា អ៉ីស្រាអែល មិនអាចបំផ្លាញកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ទាំងស្រុងបានឡើយ បើគ្មានការជួយពីសំណាក់សហរដ្ឋអាមេរិក ដោយប្រើយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ។
លោក Andreas Krieg សាស្ត្រាចារ្យជាន់ខ្ពស់សិក្សាអំពីសន្តិសុខ នៃមហាវិទ្យាល័យ King's College London បាននិយាយថា អ៉ីស្រាអែលជោគជ័យច្រើនលើប្រតិបត្តិការ និងរបៀបប្រើតាក់ទិក ប៉ុន្តែបើនិយាយដល់ជោគជ័យជាយុទ្ធសាស្ត្រវិញ មានតែកម្លាំងវាយលុកតាមផ្លូវអាកាស គឺមិនទាន់គ្រប់គ្រាន់ទេ។ បើសូម្បីតែយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់បំផុត របស់សហរដ្ឋអាមេរិក ក៏ពិបាកនឹងវាយលុកចូលទៅ ក្នុងទីតាំងជ្រៅបំផុតរបស់អ៉ីរ៉ង់ដែរ។
គួរបញ្ជាក់ថា អ៉ីរ៉ង់ កំពុងសងសឹកដោយការបាញ់ស្រោចមីស៉ីល ទៅលើទីក្រុងនានារបស់អ៉ីស្រាអែល ប៉ុន្តែគេមើលឃើញថា អ៉ីស្រាអែល នៅតែមានប្រៀបដោយកម្លាំងយោធា និងការធ្វើចារកម្ម។ ពិតណាស់ គឺអ៉ីស្រាអែល អាចបញ្ជូនយន្តហោះចម្បាំង ឆ្លងកាត់មជ្ឈិមបូព៌ា ទៅវាយលុកដល់ទីតាំងដំឡើងនុយក្លេអ៊ែរ ឃ្លាំងផ្ទុកមីស៉ីល សម្លាប់អ្នកវិទ្យាសាស្ត្រ និងមេបញ្ជាការធំៗរបស់អ៉ីរ៉ង់ នៅក្នុងចំណោមគោលដៅផ្សេងទៀត៕