ទីប្រឹក្សាលោក ត្រាំ៖ សហរដ្ឋអាមេរិកនឹងរួមដៃជាមួយប្រទេសជប៉ុន ដើម្បីទប់ទល់នឹងឥទ្ធិពលប្រទេសចិន
11-11-2016 17:15
(តូក្យ)៖ ទីប្រឹក្សាសន្តិសុខរបស់ប្រធានាធិបតីអាមេរិកថ្មី លោក ដូណាល់ ត្រាំ បាននិយាយថាជំនួបរវាងលោក ត្រាំ និងនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍ក្រោយនេះក្នុងទីក្រុងញូយ៉ក គឺអាចជាការចាប់ផ្ដើមមួយនៃការពិភាក្សាគ្នា សំដៅទទួលបានការគាំទ្រពីទីក្រុងតូក្យូ ដើម្បីទប់ទល់នឹងការ កើនឡើង នៃឥទ្ធិពលចិននៅក្នុងតំបន់អាស៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅល្ងាចថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦។
ថ្លែងប្រាប់សារព័ត៌មាន Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ទីប្រឹក្សាសន្តិសុខរបស់លោក ដូណាល់ ត្រាំ បានឱ្យដឹងថា «លោក ត្រាំ មានបំណងចង់ឱ្យជប៉ុនដើរ តួនាទីកាន់តែសកម្មនៅក្នុងតំបន់អាស៊ី ហើយ លោក ស៊ីនហ្សូ អាបេ គឺជាមនុស្សតែម្នាក់គត់ដែលសក្តិសមទទួលយកភាពជាមេដឹកនាំក្នុងសម្ព័ន្ធនេះ។ លើសពីនេះ ទៅទៀតលោក ត្រាំ នឹងផ្ញើសារមួយដល់ប្រទេសចិន រួមទំាង ជប៉ុន កូរ៉េខាងត្បូង និងបណ្ដាប្រទេសដ៏ទៃទៀតថា អាមេរិកមានបំណងបន្តរួមរស់នៅក្នុងតំបន់ អាស៊ីតាំងពីយូរណាស់មកហើយ»។
គួររំលឹកថា ការជាប់ឆ្នោតរបស់លោក ត្រាំ បានធ្វើឱ្យជប៉ុន និងកូរ៉េខាងត្បូងមានការព្រួយបារម្ភមិនតិចនោះទេ ដោយខ្លាចក្រែងសហរដ្ឋអាមេរិកប្ដូរគោលនយោបាយ ជាក់ស្ដែងនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតលោក ត្រាំ ធា្លប់បាននិយាយថា ទីក្រុងសេអ៊ូល និងទីក្រុងតូក្យូ ត្រូវតែចំណាយបា្រក់ពាក់កណ្ដាលបើចង់ឱ្យ កងទ័ពអាមេរិកឈរជើងនៅក្នុងប្រទេសរបស់ពួកគេ ដើម្បីទប់ទល់នឹងការគំរាមកំហែង ពីអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង៕