(តួកគី)៖ អភិបាលស្រុកមួយរបស់ប្រទេសតួកគីបានស្លាប់បាត់បង់ជីវិតហើយ ក្រោយពីទទួលរងការបំផ្ទុះគ្រាប់បែកនៅក្នុងការិយាល័យដែលលោកបំពេញការងារផ្ទាល់ ស្ថិតនៅក្នុងស្រុក Derik នៃខេត្ត Mardin ខណៈមនុស្ស ០២រូប ទៀតបានទទួលរងរបួសដែលនាំឲ្យមន្ត្រីប៉ូលិសចាប់ខ្លួនមនុស្ស ៣០នាក់ដែលសង្ស័យថា បានជាប់ពាក់ព័ន្ធនឹងករណីនេះ។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នៅមុននេះបន្តិចនាល្ងាចថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦។
ជនសង្ស័យដែលស្ថិតនៅពីក្រោយការបំផ្ទុះគ្រាប់បែកនេះ ត្រូវបានអាជ្ញាធរតួកគីប្រកាសថាជា គណបក្សពលករឃើដ (PKK) ដែលបានកើតឡើងនៅថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា។ អភិបាលស្រុកខាងលើនេះមានឈ្មោះថា Muhammed Fatih Safiturk បន្ទាប់ពីរងការឆេះខ្លោចស្ទើរពេញដងខ្លួននោះ ក៏ត្រូវបានគេបញ្ជូនជាបន្ទាន់ទៅកាន់មន្ទីរពេទ្យទីក្រុង Gaziantep ប៉ុន្តែមួយថ្ងៃក្រោយមកលោកត្រូវបានគ្រូពេទ្យអះអាងថាបានស្លាប់បាត់ទៅហើយ ដោយសារអការៈធ្ងន់ធ្ងរពេក៕