(ម៉ានីល)៖ ជនប្រដាប់អាវុធមានគ្នាប្រមាណ ១០នាក់ បានធ្វើការចាប់ជំរិតមនុស្សចំនួន ០៥នាក់ ដែលជាអ្នកធ្វើការនៅលើនាវាដឹកជញ្ជូនទំនិញមួយគ្រឿងរបស់ប្រទេសវៀតណាម នៅដែនទឹកភាគខាងត្បូងនៃប្រទេសហ្វីលីពីន ដែលជាតំបន់ធ្វើសកម្មភាពចាប់ជំរិតយ៉ាងមមាញឹករបស់ក្រុមសកម្មប្រយុទ្ធ អាប៊ូ សាយ៉ាហ្វ (Abu Sayyaf)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦។
អាជ្ញាធរហ្វីលីពីនបានឲ្យដឹងថា ករណីចាប់ជំរិតខាងលើបានកើតឡើងនៅពេលនាវាដឹកទំនិញធុនធំ MV Royal 16 មួយគ្រឿងរបស់ប្រទេសវៀតណាម បានធ្វើដំណើរឆ្លងកាត់កោះ Basilan ដែលជាមូលដ្ឋានស្នូលរបស់ក្រុមសកម្មប្រយុទ្ធ Abu Sayyaf ហើយក្រោយមកមនុស្សចំនួនប្រាំនាក់នៅលើនាវាត្រូវបានចាប់ខ្លួន ខណៈពីរនាក់ទៀតបានទទួលរងរបួស ប៉ុន្តែបានរត់គេចខ្លួនរួចហើយក៏ត្រូវបានជួយសង្រ្គោះដោយនាវាដឹកទំនិញមួយគ្រឿងនៃប្រទេសហ្វីលីពីន នៅក្បែរតំបន់កើតហេតុនោះ។
ជាមួយគ្នានេះដែរ អ្នកនាំពាក្យយោធាហ្វីលីពីនប្រចាំតំបន់បានបញ្ជាក់ថា «កងកម្លាំងជើងទឹករបស់យើងត្រូវបានបញ្ជូនឲ្យទៅតាមស្វែងរក និងជួយសង្រ្គោះជនរងគ្រោះដែលត្រូវបានគេចាប់ជំរិតហើយ ខណៈសញ្ជាតិរបស់ជនរងគ្រោះទាំងប្រាំនាក់រួមនិងអត្តសញ្ញាណនៃជនចាប់ជំរិតពុំទាន់ត្រូវបានគេដឹងនៅឡើយទេ»។
គួរបញ្ជាក់ថាសរុបទាំងលើកនេះ ចំនួនមនុស្សដែលត្រូវបានគេចាប់ជំរិតពីនាវាដែលធ្វើចរាចរណ៍នៅក្នុងតំបន់ភាគខាងត្បូងប្រទេសហ្វីលីពីន នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះបានកើនដល់ ០៨នាក់ហើយ។ ដោយឡែកជុំវិញបញ្ហានេះដែរ លោក រ៉ូឌ្រីហ្គោ ឌូធើតេ ប្រធានាធិបតីហ្វីលីពីន ក៏បានយល់ព្រមក្នុងការអនុញ្ញាតឲ្យអាជ្ញាធរម៉ាឡេស៊ី ធ្វើការបង្ក្រាបជនចាប់ជំរិតក៏ដូចជាក្រុមសកម្មប្រយុទ្ធនៅក្នុងដែនទឹកនៃប្រទេសហ្វីលីពីនបានផងដែរ៕