Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

EU ត្រៀមខ្លួនរួចរាល់ ដើម្បីការបញ្ឈប់ការនាំចូលឧស្ម័នពីរុស្ស៉ី នៅត្រឹមចុងឆ្នាំ ២០២៧ (Video inside)

17-06-2025 14:48

(ព្រុចសែល)៖ គណៈកម្មការអឺរ៉ុប កំណត់ថានឹងលើកសំណើហាមប្រាមសហភាពអឺរ៉ុប (EU) ពីការនាំចូលឧស្ម័ន និងឧស្ម័នធម្មជាតិរាវ (LNG) នៅចុងឆ្នាំ ២០២៧ ដោយប្រើវិធានការផ្លូវច្បាប់ ដើម្បីធានាថាផែនការនេះ មិនអាចត្រូវបានរារាំងដោយសមាជិក EU ដូចជាហុងគ្រី និងស្លូវ៉ាគី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារ Reuters នៅថ្ងៃអង្គារ ទី១៧ ខែមិថុនា ឆ្នាំ ២០២៥។

តាមសេចក្តីសង្ខេបរបស់គណៈកម្មការផ្ទៃក្នុងលើសំណើហាមប្រាម ដែល Reuters ទទួលបាន EU នឹងប្រើច្បាប់ ស្តីពីការហាមឃាត់ការនាំចូលឧស្ម័ន តាមបំពង់បង្ហូរឧស្ម័នរបស់រុស្ស៊ី និងឧស្ម័ន LNG ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ ២០២៦ ជាមួយនិងការទុកពេលបន្ថែម ដល់ក្រុមហ៊ុនដែលជាប់កុងត្រារយៈពេលវែង។ កុងត្រារយៈពេលវែងដែលមានស្រាប់ នឹងត្រូវហាមប្រាមចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ ២០២៨ ដែលជាការបញ្ចប់ការប្រើប្រាស់ឧស្ម័នរបស់រុស្ស៉ី ពីសំណាក់ EU ប្រកបដោយប្រសិទ្ធភាព។

ជាមួយគ្នានេះ ស្ថានីយ LNG របស់ EU ក៏នឹងត្រូវបានហាមឃាត់ជាបណ្តើរៗ ពីការផ្តល់សេវាកម្មដល់អតិថិជនរុស្ស៉ី ហើយក្រុមហ៊ុនដែលនាំចូលឧស្ម័នរុស្ស៉ើ ត្រូវបង្ហាញព័ត៌មានស្តីពីកុងត្រារបស់ពួកគេមកកាន់ EU និងអាជ្ញាធរជាតិ។ យ៉ាងនេះក្តីសំណើនេះ នៅតែអាចប្រែប្រួលមុនពេលប្រកាសជាផ្លូវការ។ ស្នងការផ្នែកថាមពលរបស់ EU លោក Dan Jorgensen បាននិយាយថា វិធានការនេះត្រូវបានដាក់ចេញ ដើម្បីឱ្យមានភាពរឹងមាំផ្នែកច្បាប់គ្រប់គ្រាន់ សម្រាប់ក្រុមហ៊ុននានា ក្នុងករណីមានបញ្ហាទាក់ទងនឹងកុងត្រា ដែលជារឿងហេតុមិនអាចទាយទុកមុនបាន ជាមួយរុស្ស៉ី។

គួរបញ្ជាក់ថា ប្រទេសស្លូវ៉ាគី និងហុងគ្រី ដែលរក្សាបាននូវទំនាក់ទំនងនយោបាយជិតស្និទ្ធជាមួយរុស្ស៉ី នៅតែនាំចូលឧស្ម័នពីរុស្ស៉ី តាមបំពង់បង្ហូរប្រេង ហើយថាការប្តូរទៅធ្វើជម្រើសផ្សេង នឹងបង្កើនតម្លៃថាមពល។ ពួកគេប្ដេជ្ញាទប់ស្កាត់ការដាក់ទណ្ឌកម្មលើ វិស័យថាមពលរុស្ស៉ី ខណៈដែលរាល់ការអនុម័តណាមួយ តម្រូវឱ្យមានជាការយល់ព្រមជាឯកច្ឆ័ន្ទ ពីប្រទេសសមាជិកទាំងអស់៕