Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

G7 បង្ហាញការគាំទ្រថា អ៉ីស្រាអែលមានសិទ្ធិការពារខ្លួន និងចោទអ៉ីរ៉ង់ជាប្រភពនៃអស្ថិរភាពក្នុងតំបន់ (Video inside)

17-06-2025 13:45

(កាណាដា)៖ កាលពីយប់ថ្ងៃចន្ទ ទី១៦ ខែមិថុនា ក្រុមប្រទេស G7 បានរួមគ្នាចេញសេចក្តីថ្លែងការណ៍គាំទ្រចំពោះអ៉ីស្រាអែល ហើយហៅអ៉ីរ៉ង់ថាជា ប្រភពនៃអស្ថិរភាពនិងអំពើភេរវកម្ម នៅក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

សង្រ្គាមតាមផ្លូវអាកាសរវាងអ៉ីរ៉ង់និងអ៉ីស្រាអែល ដែលបានផ្ទុះឡើងកាលពីថ្ងៃសុក្រសប្តាហ៍មុន នៅពេលអ៉ីស្រាអែលប្រើយន្តហោះចម្បាំងរាប់រយគ្រឿង វាយប្រហារលើទីតាំងជាច្រើនទូទាំងប្រទេសអ៉ីរ៉ង់ បានបង្កើនក្តីបារម្ភកាន់តែខ្លាំងឡើងមួយកម្រិតទៀត នៅក្នុងតំបន់មួយ ដែលបានប្រឈមនឹងហានិភ័យ ចាប់តាំងតែពីការចាប់ផ្តើមនៃសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហាម៉ាសប៉ាឡេស្ទីននៅហ្កាហ្សា កាលពីខែតុលា ឆ្នាំ២០២៣។

ក្នុងសេចក្តីថ្លែងការណ៍រួម ក្រុម G7 ដែលមានសមាជិកដូចជាសហរដ្ឋអាមេរិក កាណាដា ចក្រភពអង់គ្លេស អាល្លឺម៉ង់ ជប៉ុន បារាំង និងអ៉ីតាលី បានលើកឡើងយ៉ាងដូច្នេះថា «យើងសូមបញ្ជាក់ថា អ៉ីស្រាអែលមានសិទ្ធិដើម្បីការពារខ្លួនឯង ហើយយើងគាំទ្រសន្តិសុខរបស់ប្រទេសអ៉ីស្រាអែល។ អ៉ីរ៉ង់គឺជាប្រភពចម្បងនៃអស្ថិរភាពនិងអំពើភេរវកម្មនៅក្នុងតំបន់ ខណៈ G7 ប្រកាន់ជំហរច្បាស់ណាស់ថា គឺអ៉ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរជាដាច់ខាត»

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍មុន អ៉ីស្រាអែលបានបើកការវាយប្រហារទ្រង់ទ្រាយធំតាមផ្លូវអាកាស ក្រោមការអះអាងថា ដើម្បីទប់ស្កាត់ជាមុនកុំឱ្យ ទីក្រុងតេហេរ៉ង់អភិវឌ្ឍបានអាវុធនុយក្លេអ៊ែរ។ ចាប់តាំងពីថ្ងៃនោះ គូសត្រូវទាំងពីរបានបន្តវាយប្រយុទ្ធគ្នាតាមអាកាស ដោយខាងអ៉ីរ៉ង់រាយការណ៍ មានអ្នកស្លាប់ជាង២២០នាក់ ៩០ភាគរយជាជនស៉ីវិល ខណៈខាងអ៉ីស្រាអែលអះអាងថា ជនស៉ីវិលខ្លួន ២៤នាក់ បានស្លាប់។

អ៉ីរ៉ង់ទាត់ចោលម្តងហើយម្តងទៀតនូវការចោទប្រកាន់ដែលថា ខ្លួនមានមហិច្ឆតាចង់ផលិតអាវុធនុយក្លេអ៊ែរ ហើយបាននិយាយថា ខ្លួនមានសិទ្ធិដើម្បីអភិវឌ្ឍ​បច្ចេកវិទ្យានុយក្លេអ៊ែរ សម្រាប់បម្រើគោលដៅស៉ីវិល រួមបញ្ចូលទាំងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ក្នុងនាមជាភាគីក្នុងសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ NPT។ ដោយឡែក អ៉ីស្រាអែល ដែលមិនមែនជាភាគីក្នុង NPT គឺជាប្រទេសតែមួយគត់នៅមជ្ឈិមបូព៌ា ដែលត្រូវគេជឿជាក់យ៉ាងទូលំទូលាយថា មានអាវុធនុយក្លេអ៊ែរ ប៉ុន្តែអ៉ីស្រាអែលមិនដែលបដិសេធ ឬទទួលស្គាល់រឿងនេះឡើយ៕