(ប៉េកាំង)៖ លោក Zhu Mingguo អតីតប្រធានក្រុមប្រឹក្សានៃខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន ត្រូវបានតុលាការកាត់ទោសប្រហារជីវិត នៅថ្ងៃសុក្រនេះ ក្រោមការចោទប្រកាន់ពីបទពុករលួយ និងមានទ្រព្យសម្បត្តិក្នុងចំនួនដ៏ច្រើនលើសលប់ ដោយគ្មានប្រភពច្បាស់លាស់ ខណៈមន្រ្តីចិនមួយរូបទៀត ក៏ត្រូវបានកាត់ទោសប្រហារជីវិតនៅថ្ងៃតែមួយនេះផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦។
លោក Zhu ត្រូវបានតុលាការចិនរកឃើញថាមានទោសពីបទប្រើប្រាស់អំណាចរបស់ខ្លួន ដើម្បីកេងចំណេញពីគំរោងផ្សេងៗ និងដីធ្លីជាច្រើនកន្លែង ហើយថែមទាំងបានទទួលសំណូកពីមន្រ្តីក្រោមឱវាទដើម្បីឡើងកាន់តួនាទីផ្សេងៗទៀតផង។ អតីតមន្រ្តីរដ្ឋាភិបាលរូបនេះបានទទួលសំណូក ដែលមានតម្លៃសរុប ១៤១លានយ័ន (២០.៧លានដុល្លារ) តាមរយៈខ្លួនលោកផ្ទាល់ឬភរិយា និងមានទ្រព្យសម្បត្តិជាង ៩១លានយ័ន (១៣.៣លានដុល្លារ) ដែលបានមកពីប្រភពមិនច្បាស់លាស់។
ជាមួយគ្នានេះដែរអតីតមេបញ្ជាការប៉ូលិសជាន់ខ្ពស់ នៃតំបន់ស្វយត្រម៉ុងហ្គោលនៃប្រទេសចិន លោក Zhao Liping ក៏ត្រូវបានតុលាការកាត់ទោសប្រហារជីវិតផងដែរ ក្រោមការចោទប្រកាន់ពីបទឃាតកម្ម, ពុករលួយ, មានអាវុធ និងគ្រឿងផ្ទុះខុសច្បាប់ ខណៈទ្រព្យសម្បត្តិដែលមានតម្លៃជាង២លានយ័ន (២៩៣,៥៣៥ដុល្លារ) របស់លោកក៏ត្រូវបានរឹបអូសដែរ៕