Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រមុខ EU ប្រាប់នាយករដ្ឋមន្រ្តីអ៉ីស្រាអែលថា ដំណោះស្រាយការទូតគឺជាជម្រើសប្រសើរបំផុតសម្រាប់បញ្ហាអ៉ីរ៉ង់ ប៉ុន្តែមិនអំពាវនាវឱ្យមានបទឈប់បាញ់ (Video inside)

16-06-2025 13:29

(កាណាដា)៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថា លោកស្រីបានប្រាប់ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ថា ដំណោះស្រាយការទូត នឹងជាជម្រើសប្រសើរជាងគេបំផុតសម្រាប់បញ្ហាអ៉ីរ៉ង់ ប៉ុន្តែលោកស្រីមិនបានអំពាវនាវឱ្យមានបទឈប់បាញ់ឡើយ ខណៈអ៉ីស្រាអែលនិងអ៉ីរ៉ង់ កំពុងបន្តវាយប្រហារដាក់គ្នា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ក្នុងកិច្ចសន្ទនាតាមទូរសព្ទ លោកស្រី von der Leyen បាននិយាយថា លោកស្រីយល់ស្របជាមួយលោក Netanyahu ថា អ៉ីរ៉ង់មិនគួរមានអាវុធនុយក្លេអ៊ែរជាដាច់ខាត។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន អំឡុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូល G7 នៅកាណាដា លោកស្រីបានបន្តថា «ប្រាកដណាស់ ខ្ញុំគិតថា ដំណោះស្រាយដែលកើតចេញពីការចរចា គឺជាដំណោះស្រាយដែលប្រសើរបំផុត សម្រាប់រយៈពេលវែង»

កាលពីថ្ងៃសុក្រសប្តាហ៍មុន អ៉ីស្រាអែលបានបើកការវាយប្រហារយោធាក្នុងទ្រង់ទ្រាយធំ លើប្រទេសអ៉ីរ៉ង់ ហើយអ៉ីរ៉ង់បានសងសឹកវិញ តាមរយៈការបាញ់មីស៉ីលនិងដ្រូនចំនួនរាប់រយ ទៅលើអ៉ីស្រាអែល។ លោកស្រីប្រធានគណៈកម្មការអឺរ៉ុប បានទម្លាក់កំហុសនៃការផ្ទុះជម្លោះថ្មីនេះទៅលើអ៉ីរ៉ង់ បើទោះបីជាអ៉ីស្រាអែលជាអ្នកវាយអ៉ីរ៉ង់មុនក៏ដោយ ដោយចង្អុលទៅកាន់ របាយការណ៍របស់​អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់ UN ក្នុងសប្តាហ៍នោះ ដែលអះអាងថា អ៉ីរ៉ង់មិនគោរពតាមកាតព្វកិច្ចរបស់ខ្លួន។ លោកស្រីបាននិយាយដូច្នេះថា «ក្នុងបរិបទនេះ អ៉ីស្រាអែលមានសិទ្ធិការពារខ្លួន ព្រោះអ៉ីរ៉ង់គឺជាប្រភពចម្បងនៃអរស្ថិរភាពក្នុងតំបន់»

គួរបញ្ជាក់ថា ជារឿយៗ អ៉ីរ៉ង់បានអះអាងថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនមានគោលដៅស៊ីវិលតែប៉ុណ្ណោះ និងមិនមានមហិច្ឆតា ផលិតអាវុធនុយក្លេអ៊ែរនោះទេ បើទោះជាអ៉ីស្រាអែល និងលោកខាងលិចសង្ស័យថា អ៉ីរ៉ង់កំពុងលួចលាក់អភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរក៏ដោយ។ ចំណែកអ៉ីស្រាអែលវិញ ត្រូវបានគេដឹងយ៉ាងទូលំទូលាយថា គឺមានអាវុធនុយក្លេអ៊ែរនៅក្នុងដៃ បើទោះបីមិនទទួលស្គាល់ជាសាធារណៈក្តី៕