(អាមេរិក)៖ បន្ទាប់ពីជំនួបជាមួយលោក ដូណាល់ ត្រាំ ដែលសារព័ត៌មាននានាចុះផ្សាយថា បានបញ្ចប់ទៅប្រកបដោយភាពវិជ្ជមានបំផុតនោះ លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីអាមេរិកដែលជិតផុតអាណត្តិក៏បានឆ្លៀតឱកាសអំពាវនាវឲ្យប្រជាជនអាមេរិកដែលកំពុងកើតទុក្ខមិនសុខចិត្តនឹងលទ្ធផលនោះ សូមបើកចិត្តឲ្យទូលាយដើម្បីគាំទ្រលោក ត្រាំ ឡើងជាប្រធានាធិបតីអាមេរិកទី៤៥ នៅដើមឆ្នាំក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយ CNN នៅរសៀលថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦។
ដោយឡែកលោកស្រី គ្លីនតុន ក៏បានថ្លែងទៅកាន់ក្រុមអ្នកគាំទ្រ បន្ទាប់ពីលទ្ធផលឆ្នោតចេញជាផ្លូវការថា លោកស្រីជាអ្នកចាញ់នោះផងដែរ ដោយលោកស្រីបាន អំពាវនាវឲ្យពលរដ្ឋអាមេរិកទាំងអស់បើកចិត្តឲ្យទូលាយ និងទទួលយកលោក ត្រាំ ធ្វើជាមេដឹកនាំថ្មីរបស់អាមេរិក ហើយលោកស្រី គ្លីនតុន ក៏រីករាយក្នុងការសហការជាមួយប្រធានាធិបតីថ្មីរូបនេះ នៅក្នុងការដឹកនាំប្រទេសបន្តទៀតផងដែរ។
គួរបញ្ជាក់ថា ក្រោយជំនួបជាមួយលោក អូបាម៉ា លោក ត្រាំ បានលើកឡើងថា «យើងបានពិភាក្សាគ្នាលើការខ្វែងគំនិតគ្នាជាច្រើន (.......) ហើយខ្ញុំគិតថាខ្ញុំ នឹងធ្វើការងារជាមួយគាត់ (លោក អូបាម៉ា) នៅពេលអនាគត និងទទួលយោបល់ពីគាត់។ ដោយឡែកឆ្លើយតបនឹងការលើកឡើងនេះ លោក អូបាម៉ា បាននិយាយថា «ខ្ញុំនឹងធ្វើអ្វីតាមដែលអាចធ្វើទៅបានដើម្បីជួយអ្នក (លោក ត្រាំ) ឆ្ពោះទៅរកជោគជ័យ ព្រោះថាជ័យជំនះរបស់អ្នកនឹងផ្ដល់ផលប្រយោជន៍ដល់ប្រទេសជាតិទំាងមូល ហើយខ្ញុំសង្ឃឹមថាយើងនឹងអាចសម្រេចបានវត្ថុបំណងនេះ តាមរយៈធ្វើការងាររួមគ្នាប្រឈមមុខនឹងឧបសគ្គទំាងឡាយ»៕