(បាកដាដ)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអ៊ីរ៉ាក់បានឲ្យដឹងថាមេដឹកនាំកំពូលរបស់ក្រុម ISIS លោក Abu Bakr al-Baghdadi កំពុងតែធ្វើការជ្រើសរើសអ្នកស្នងតំណែងពីសមាជិកក្រុមរបស់ខ្លួន ឲ្យកាន់តួនាទីជំនួសលោកនៅពេលណាមួយដែលមេដឹកនាំក្រុមភេរវកររូបនេះ ត្រូវស្លាប់បាត់បង់ជីវិតទៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នាព្រឹកថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦។
ប្រភពមិនបញ្ចេញអត្តសញ្ញណមួយមកពីខេត្ត Ninveveh បានលួចបង្ហើបប្រាប់ស្ថានីយ៍ទូរទស្សន៍ Alsumaria នៃប្រទេសអ៊ីរ៉ាក់ថា «មជ្ឈមណ្ឌលព័ត៌មាននៃក្រុមរដ្ឋអ៊ីស្លាម ISIS បានធ្វើសេចក្តីប្រកាសនូវបញ្ជារបស់លោក Abu Bakr al-Baghdadi ក្នុងការជ្រើសរើសមេក្រុម ISIS ណាម្នាក់មកឲ្យធ្វើអ្នកបន្តតំណែងរបស់លោកនៅក្នុងករណីដែលលោក al-Baghdadi ត្រូវស្លាប់បាត់បង់ជីវិត» ប៉ុន្តែប្រភពដដែលបានក៏គូសបញ្ជាក់ដែរថា ក្រុមសកម្មប្រយុទ្ធដ៏សាហាវឃោរឃៅមួយនេះ មិនបានបញ្ចេញឈ្មោះរបស់អនាគតអ្នកស្នងតំណែងជាមេដឹកនាំកំពូលរបស់ខ្លួនឡើយ ដោយសារតែវានឹងនាំឲ្យមានបញ្ហានៅក្នុងបណ្តាសមាជិករបស់ពួកគេ។
គួរបញ្ជាក់ដែរកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ទីភ្នាក់ងារព័ត៌មានប្រចាំកងកម្លាំងចម្រុះអ៊ីរ៉ាក់បានអះអាងថា លោក al-Baghdadi បានរត់ភៀសខ្លួនចេញពីទីក្រុង Mosul បាត់ទៅហើយអំឡុងពេលនៃប្រតិបត្តិការយោធាទ្រង់ទ្រាយធំរបស់កងទ័ពរដ្ឋាភិបាល ក្នុងការវាយរំដោះយកមកវិញនូវទីក្រុងដ៏ធំមួយនេះ ដែលបានបន្តស្ថិតក្រោមការកាន់កាប់របស់ក្រុមសកម្មប្រយុទ្ធ ISIS តាំងពីឆ្នាំ២០១៤ មក៕