Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Albanese នឹងជួបជាមួយលោក ត្រាំ នៅក្រៅកិច្ចប្រជុំ G7 ក្នុងប្រទេសកាណាដា (Video inside)

15-06-2025 10:29

(ស៊ីដនី)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បាននិយាយថា លោកនឹងជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្រុមប្រទេស G7 ក្នុងប្រទេសកាណាដា ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងការពារជាតិ AUKUS និងបញ្ហាពន្ធគយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។

លោក Albanese ដែលកាលពីដើមខែនេះបានថ្លែងថា លោកកំពុងទន្ទឹងរង់ចាំជំនួប «ទល់មុខគ្នា» ជាមួយលោក ត្រាំ ដោយមិនបានបញ្ជាក់ថានៅពេលណានោះ បានឲ្យដឹងថា លោកនឹងជួបលោក ត្រាំ នៅថ្ងៃអង្គារ នៅក្រៅកិច្ចប្រជុំកំពូល G7 ដែលនឹងចាប់ផ្តើមនៅថ្ងៃអាទិត្យនេះ។

ថ្លែងនៅក្នុងទីក្រុងស៉ីថល កាលពីថ្ងៃសៅរ៍ លោក Albanese បាននិយាយយ៉ាងដូច្នេះថា «យើងពិតជាមានកិច្ចប្រជុំដែលបានគ្រោងទុក។ ជាការពិតណាស់ មានបញ្ហាដែលប្រធានាធិបតីសហរដ្ឋអាមេរិកកំពុងដោះស្រាយនៅពេលនេះ ប៉ុន្តែខ្ញុំរំពឹងថាយើងនឹងអាចមានការពិភាក្សាប្រកបដោយការស្ថាបនា»។ លោក Albanese បានបន្ថែមទៀតថា «ជាការពិតណាស់ យើងនឹងលើកឡើងពីបញ្ហាពន្ធគយ​ និងពីសារៈសំខាន់នៃកិច្ចព្រមព្រៀង AUKUS ហើយយើងនឹងមានការពិភាក្សាមួយ ដូចដែលមិត្តភក្តិទាំងពីរគួរតែមាន»។​
គួរបញ្ជាក់ សំណើរបស់ទីក្រុងវ៉ាស៊ីនតោនឲ្យទីក្រុងកង់បេរ៉ា​ បង្កើនការចំណាយលើវិស័យការពារជាតិដល់ ៣,៥% នៃផលិតផលក្នុងស្រុកសរុប (GDP) ពី ២% នាពេលបច្ចុប្បន្ន ក៏ត្រូវបានគេរំពឹងថានឹងលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំនេះផងដែរ។

ការបញ្ជាក់អំពីជំនួបពិភាក្សានេះ​​ ធ្វើឡើង​បន្ទាប់ពីមន្ទីរបញ្ចកោណបាននិយាយកាលពីដើមសប្តាហ៍នេះថា ខ្លួនកំពុងត្រួតពិនិត្យភាពជាដៃគូផ្នែកនាវាមុជទឹកនុយក្លេអ៊ែរ AUKUS ជាមួយអូស្ត្រាលី និងចក្រភពអង់គ្លេស។ អូស្ត្រាលី ដែលចាត់ទុកនាវាមុជទឹកទាំងនេះថាមានសារៈសំខាន់ចំពោះការការពារជាតិរបស់ខ្លួន។ កិច្ចព្រមព្រៀង AUKUS ដែលអូស្ត្រាលីបានសន្យាផ្តល់ថវិកាចំនួន ៣៦៨ពាន់លានដុល្លារអូស្ត្រាលីក្នុងរយៈពេលបីទសវត្សរ៍ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២១ ដើម្បីដោះស្រាយក្តីបារម្ភអំពីអំណាចដែលកំពុងកើនឡើងរបស់ចិន៕