លោក ត្រាំ និយាយថា៖ ខ្ញុំ និងលោក ពូទីន ឯកភាពគ្នាថា «សង្គ្រាមអ៊ីស្រាអែល-អ៊ីរ៉ង់ គួរតែបញ្ចប់» (Video inside)
15-06-2025 09:56
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឱ្យដឹងថា កាលពីថ្ងៃសៅរ៍លោកបានសន្ទនាតាមទូរស័ព្ទជាមួយសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដើម្បីពិភាក្សាស្តីពីភាពតានតឹងនៅមជ្ឈិមបូព៌ា និងកិច្ចចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន ហើយមេដឹកនាំទាំងពីរបានឯកភាពគ្នាថា «សង្គ្រាមរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់នេះ គួរតែបញ្ចប់»។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Xinhua នៅថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ២០២៥។
លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social របស់លោកយ៉ាងដូច្នេះថា «គាត់ (លោក ពូទីន) មានអារម្មណ៍ដូចខ្ញុំដែរថា សង្គ្រាមរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់នេះ គួរតែបញ្ចប់» ដោយបន្ថែមថា លោក ពូទីន ស្គាល់អ៊ីរ៉ង់ «ច្បាស់ណាស់»។
ប្រធានាធិបតីអាមេរិករូបនេះបានបន្តថា លោកក៏បានពន្យល់ប្រធានាធិបតីរុស្ស៊ីផងដែរថា ជម្លោះរុស្ស៊ី-អ៊ុយក្រែន «ក៏គួរតែបញ្ចប់ដែរ» ក្នុងអំឡុងពេលនៃការសន្ទនាតាមទូរសព្ទ័ ដែលមានរយៈពេលមួយម៉ោងនោះ។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ គឺជាថ្ងៃខួបកំណើតគម្រប់ ៧៩ឆ្នាំរបស់លោក ត្រាំ ហើយលោក ពូទីន ក៏បានជូនពរថ្ងៃខួបកំណើតដល់លោក ត្រាំ ក្នុងអំឡុងពេលនៃការសន្ទនាតាមទូរស័ព្ទនោះផងដែរ៕