(សេអ៊ូល)៖ វិទ្យាស្ថានស្រាវជា្រវកូរ៉េខាងត្បូង Gallup Korea បានឱ្យដឹងនៅថ្ងៃសុក្រនេះថា ប្រជាប្រិយភាពរបស់លោកស្រីប្រធានាធិបតី ផាក គឺនហេ នៅតែស្ថិតនៅក្នុងកំរិតកាន់តែទាបបំផុត មួយនៅសប្ដាហ៍ទី២នេះដោយសារតែរឿងអាស្រូវនយោបាយ របស់លោកស្រីដែលនេះ អាចនឹងក្លាយជាបញ្ហាប្រឈមកាន់តែធ្ងន់សម្រាប់រដ្ឋាភិបាល របស់លោកស្រី។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦។
តំណែងជាប្រធានាធិបតីរបស់លោកស្រី ផាក បាននិងកំពុងរង្គោះរង្គើរយ៉ាងខ្លំាងបន្ទាប់ពីរឿងអាស្រូវ ឆយ ស៊ូនស៊ីល បានផ្ទុះឡើងកាលពីពេលថ្មីៗនេះ។ ស្ត្រីឈ្មោះ ឆយ ស៊ូនស៊ីល គឺជាមិត្តភក្កិដ៏ជិតស្និតម្នាក់ របស់លោកស្រី ផាក ដែលត្រូវបានគេសង្ស័យថាបានប្រើប្រាស់អំណាចលោកស្រី ផាក ដើម្បីលូកដៃចូលក្នុងកិច្ចការរដ្ឋ និងប្រមូលមូលនិធិរាប់លានដុល្លារ ពីក្រុមហ៊ុនធំៗមួយចំនួន នៅក្នុងកូរ៉េខាងត្បូង។
ដោយឡែកជុំវិញបញ្ហានេះដែរ វិទ្យាស្ថាន Gallup Korea បាននិយាយថា បើតាមការស្ទង់មិតរបស់ខ្លួនជាមួយប្រជាជនកូរ៉េខាងត្បូង ១,០០៣នាក់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែវិច្ឆិកា អ្នកដែលចូលរួមសម្ភាសន៍៩០ភាគរយចង់ឱ្យលោកស្រី ផាក គឺនហេ ចុះចេញពីតំណែង ដែលតួលេខនៃការស្ទង់មតិស្រដៀងគ្នានេះ មានតែ ៨៩ភាគរយប៉ុណ្ណោះកាលពីសប្ដាហ៍មុន។
គួរបញ្ជាក់ថាកាលពីសប្ដាហ៍មុន លោកស្រី ផាក បានធ្វើការសូមទោសជាសាធារណៈជាលើកទី២ ជុំវិញរឿងអាស្រូវ ឆយ ស៊ូនស៊ីល ប៉ុន្តែទោះជាយ៉ាងប្រជាប្រិយភាពលោកស្រី មិនបានល្អប្រើសើរឡើងវិញឡើយ ខណៈប្រជាជនកូរ៉េខាងត្បូងរាប់សែននាក់ ត្រូវបានគេរំពឹងថានឹងចូលរួមធ្វើបាតុកម្មតវ៉ាទ្រង់ទ្រាយធំ ទាមទារឱ្យលោកស្រី ចុះចេញពីមុខតំណែង៕