Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេដឹកនាំកូរ៉េខាងជេីង​ លោក​ គីម​ ជុងអ៊ុន​ ជំរុញឱ្យមានការផលិតគ្រាប់ផ្លោងថែមទៀត (Video inside)

14-06-2025 11:17

(ព្យុងយ៉ាង)៖​ ​កូរ៉េខាងជេីង​ បានរាយការណ៍នៅថ្ងៃសៅរ៍​ ទី១៤​ ខែមិថុនានេះថា​ មេដឹកនាំ​ លោក​ គីម​ ជុងអ៊ុន​ បានចុះត្រួតពិនិត្យរោងចក្រឧស្សាហកម្មយោធា និងបានអំពាវនាវឱ្យពង្រីកការផលិតគ្រាប់ផ្លោង ដែលអាចបំពេញតម្រូវការក្នុងសង្គ្រាមសម័យទំនើប។​ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។

KCNA រាយការណ៍ថា លោក គីម​ ជុងអ៊ុន​ បានគូសបញ្ជាក់នៅក្នុងឱកាសនោះថា​ «ប្រសិនបើយើងចង់បង្កើនការផលិតគ្រាប់ផ្លោងថ្មីដែលមានកម្លាំងខ្លាំង បំពេញតម្រូវការក្នុងសង្គ្រាមសម័យទំនើប យើងត្រូវពង្រីក ពង្រឹងសមត្ថភាពផលិត រៀបចំដំណើរការផលិតឱ្យកាន់តែត្រឹមត្រូវ​ និងបង្កើនផលិតកម្មដ្រូនជានិច្ច»

ការអំពាវនាវរបស់​ លោក​ គីម​​ ធ្វេីឡេីងអំឡុងពេលពិនិត្យមើលវឌ្ឍនភាពនៃការផលិតគ្រាប់ផ្លោង​ នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៥ និងចំពេលដែលមានសេចក្តីរាយការណ៍ជាបន្តបន្ទាប់អំពីការបញ្ជូនកងទ័ព​កូរ៉េខាងជេីង​ ក៏ដូចជាអាវុធទៅជួយដល់រុស្ស៉ី​ក្នុងសង្រ្គាមនៅអ៊ុយក្រែន។ តាមរបាយការណ៍របស់ក្រុមត្រួតពិនិត្យទណ្ឌកម្មពហុភាគី របស់អង្គការសហប្រជាជាតិ កូរ៉េខាងជើងបានផ្គត់ផ្គង់ដល់រុស្ស៉ី​នូវគ្រាប់ផ្លោងជាង​ ២០ ០០០គ្រាប់នៅក្នុងខែឧសភា៕