(វ៉ាស៊ីនតោន)៖ ជំនួបផ្លូវការជាលើកដំបូងរវាង លោក បារ៉ាក់ អូបាម៉ា និងអនាគតប្រធានាធិបតីអាមេរិកថ្មី លោក ដូណាល់ ត្រាំ ស្ដីពីការផ្ទេរតំណែង ដោយសន្តិវិធីបានធ្វើឡើង ហើយកាលពីថ្ងៃព្រហស្បតិ៍ (ម៉ោងនៅ ក្នុងទីក្រុងវ៉ាស៊ីនតោន) នៅឯសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោន ហើយបើតាមលោក អូបាម៉ា ជំនួបនេះគឺល្អឥតខ្ចោះដោយលោកថែមទំាងបានសន្យាថា នឹងធ្វើអ្វីតាមដែលអាចធ្វើទៅបានដើម្បីជួយដល់លោក ត្រាំ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦។
តែបើគេចាំមិនភ្លេចនៅក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត លោក ដូណាល់ ត្រាំ ផ្ទាល់ធ្លាប់បានហៅលោក អូបាម៉ា ថាជា «ប្រធានាធិបតីល្ងង់ជាងគេ នៅក្នុងប្រវត្តិសាស្រ្តអាមេរិក» ក៏ប៉ុន្តែនៅក្នុងជំនួបកាលពីថ្ងៃព្រហស្បតិ៍ មហាសេដ្ឋីអចលនទ្រព្យមាត់ដាចរូបនេះ បែរជាចាត់ទុកលោក អូបាម៉ា ជាមនុស្សល្អ និងគួរឱ្យគោរពពេញៗមាត់ ។
លោក ត្រាំ បានបន្ថែមដូច្នេះថា «យើងបានពិភាក្សាគ្នាលើការខ្វែងគំនិតគ្នាជាច្រើន (.......) ហើយខ្ញុំគិតថាខ្ញុំ នឹងធ្វើការងារជាមួយគាត់ (លោក អូបាម៉ា) នៅពេលអនាគត និងទទួលយោបល់ពីគាត់។ ដោយឡែកឆ្លើយតបនឹងការលើកឡើងនេះ លោក អូបាម៉ា បាននិយាយថា «ខ្ញុំនឹងធ្វើអ្វីតាមដែលអាចធ្វើទៅបានដើម្បីជួយអ្នក (លោក ត្រាំ) ឆ្ពោះទៅរកជោគជ័យ ព្រោះថាជ័យជំនះរបស់អ្នកនឹងផ្ដល់ផលប្រយោជន៍ដល់ប្រទេសជាតិទំាងមូល ហើយខ្ញុំសង្ឃឹមថាយើងនឹងអាច សម្រេចបានវត្ថុបំណងនេះ តាមរយៈធ្វើការងាររួមគ្នាប្រឈមមុខនឹងឧបសគ្គទំាងឡាយ»។
គួររំលឹកថា កាលពីនៅអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត លោក ត្រាំ បានរិះគន់និងជំទាស់យ៉ាងខ្លំាងចំពោះគោលនយោបាយរបស់លោក អូបាម៉ា។ ជាក់ស្ដែងលោកធ្លាប់បានអះអាងថា សហរដ្ឋអាមេរិកអាចនឹងទទួលស្គាល់ថាតំបន់គ្រីមៀរជាទឹកដីរុស្ស៊ី ព្រមទំាងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយទីក្រុងមូស្គូខណៈរដ្ឋាភិបាល លោក អូបាម៉ា បានសម្រេចដាក់ទណ្ឌកម្ម និងកាត់បន្ថយកិច្ចសហប្រតិបត្តិការសំខាន់ៗមួយចំនួនជាមួយនឹងរុស្ស៊ី។ លោក ដូណាល់ ត្រាំ និងរដ្ឋាភិបាលថ្មីរបស់លោក នឹងចូលកាន់តំណែងជាផ្លូវការបន្ទាប់ពី ពិធីតែងតាំងដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧៕