(មូស្គូ)៖ កងកម្លាំងប្រើប្រាស់មីស៊ីលជាយុទ្ធសាស្រ្ត (SMF) នៃប្រទេសរុស្ស៊ីបានធ្វើការសាកល្បងនូវគ្រឿងយន្ត ប្រយុទ្ធដោយស្វ័យប្រវត្តិថ្មីមួយទៀត ដែលត្រូវបានផលិតឡើង ដើម្បីទុកដាក់ការពារទីតាំងបង្ហោះមីស៊ីលពីការវាយប្រហារ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅមុននេះបន្តិចនាព្រឹកថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦។
បើយោងតាមគេហទំព័រ New Russian Weapons ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនផលិតសព្វាវុធ ប្រចាំប្រទេសរុស្ស៊ី Uralvagonzavod ប្រព័ន្ធគ្រឿងយន្ត SPRS (Self-Propelled Robotic System) អាចធ្វើការបាញ់គ្រាប់កាំភ្លើង និងគ្រាប់បែកទៅកាន់គោលដៅ ដែលស្ថិតនៅរយៈចម្ងាយប្រមាណ ៤០០ម៉ែត្រពីខ្លួនវាបានយ៉ាងមានប្រសិទ្ធភាពខ្ពស់ ហើយវាត្រូវបានបំពាក់មកជាមួយនូវ ប្រព័ន្ធរ៉ាដាដ៏ទំនើបដែលអាចអនុញ្ញាតឲ្យវាធ្វើការតំរង់ និងបាញ់គោលដៅបានត្រឹមត្រូវហើយច្បាស់លាស់បំផុត ដោយស្វ័យប្រវត្តិ។
គួរបញ្ជាក់ដែរថានៅក្នុងឆ្នាំ២០១៦ នេះ SMF ក៏នឹងទទួលបានប្រព័ន្ធការពារថ្មីមួយចំនួនផ្សេងទៀតផងដែរ ដោយរួមបញ្ចូលទាំងប្រព័ន្ធ MRS (Mobile Robotic System) ដែលត្រូវបានរចនាឡើងសម្រាប់ឈ្លបយកការណ៍, កម្ចាត់គោលដៅដែលឈរស្ងៀម និងចល័ត, បាញ់គាំទ្រ, យាមល្បាត, ក៏ដូចជាការពារនូវទីតាំងយោធាសំខាន់ៗថែមទៀត៕