Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៉ីរ៉ង់តែងតាំង​ប្រមុខកងទ័ពថ្មី និងមេបញ្ជាការឆ្មាំបដិវត្តន៍ថ្មី ក្រោយត្រូវបានអ៉ីស្រាអែលសម្លាប់

13-06-2025 17:20

(តេហេរ៉ង់)៖ មេដឹកនាំកំពូលនៃប្រទេសអ៉ីរ៉ង់ បានធ្វើការតែងតាំងយ៉ាងឆាប់រហ័ស នូវមេបញ្ជាការថ្មីសម្រាប់ឆ្មាំបដិវត្តន៍ IRGC និង​សម្រាប់កងកម្លាំងប្រដាប់អាវុធ បន្ទាប់ពីមេបញ្ជាការមុនៗ ត្រូវបានសម្លាប់ ក្នុងការវាយប្រហាររបស់អ៉ីស្រាអែល នាថ្ងៃសុក្រនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងក្រឹត្យដាច់ដោយឡែកពីគ្នា មេដឹកនាំកំពូលអ៉ីរ៉ង់ បានតែងតាំងលោក Mohammad Pakpour ជំនួសលោក Hossein Salami ជាមេបញ្ជាការនៃកងឆ្មាំបដិវត្តន៍ ហើយលោក Abdolrahim Mousavi ជំនួសលោក Mohammad Bagheri ជាប្រធានអគ្គសេនាធិការដ្ឋាននៃកងកម្លាំងប្រដាប់អាវុធ។

គួរបញ្ជាក់ថា នៅថ្ងៃសុក្រនេះ អ៉ីស្រាអែលបានប្រើយន្តហោះចម្បាំងប្រមាណ២០០គ្រឿង វាយប្រហារលើទីតាំងជាង១០០កន្លែង នៅទូទាំងប្រទេសអ៉ីរ៉ង់ រួមមានទាំងរោងចក្រនុយក្លេអ៊ែរ រោងចក្រមីស៉ីលបាលិស្ទីគ ប្រព័ន្ធរ៉ាដា និងប្រព័ន្ធបាញ់មីស៉ីល ជាដើម។ អ៉ីរ៉ង់បានចាត់ទុក ការវាយប្រហារបស់អ៉ីស្រាអែល ជាការប្រកាសសង្រ្គាម ហើយគំរាមសងសឹកយ៉ាងចាស់ដៃវិញ។ ទន្ទឹមគ្នាដែរ ទីក្រុងតេហរ៉ង់ បានស្នើឱ្យក្រុមប្រឹក្សាសន្តិសុខ UN កោះប្រជុំជាបន្ទាន់ ជុំវិញសកម្មភាពឈ្លានពានយ៉ាងបើកចំហរបស់អ៉ីស្រាអែល មកលើអធិបតេយ្យរបស់ខ្លួន៕