Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កងកម្លាំងប្រដាប់អាវុធអ៉ីរ៉ង់ប្រកាសថា គ្មានដែនកំណត់ក្នុងការឆ្លើយតប ចំពោះការវាយប្រហាររបស់អ៉ីស្រាអែល (Video inside)

13-06-2025 14:58

(តេហេរ៉ង់)៖ នៅថ្ងៃសុក្រ ទី១៣ ខែមិថុនា កងកម្លាំងប្រដាប់អាវុធអ៉ីរ៉ង់ បានប្រកាសថា នឹងមិនមានដែនកំណត់នោះឡើយ ក្នុងការឆ្លើយតបរបស់ខ្លួន ចំពោះអ៉ីស្រាអែល ក្រោយការវាយប្រហារទ្រង់ទ្រាយធំរបស់អ៉ីស្រាអែល មកលើប្រទេសអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

អគ្គសេនាធិការដ្ឋានយោធាអ៉ីរ៉ង់ បាននិយាយក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «ដោយសារតែឥឡូវ របបភេរវករដែលកំពុងត្រួតត្រាហ៊្សេរុយសាឡិម បានបោះជំហានរំលងខ្សែបន្ទាត់ក្រហមទាំងអស់ទៅហើយនោះ វានឹងមិនមានដែនកំណត់ឡើយ ក្នុងការឆ្លើយតបចំពោះឧក្រិដ្ឋកម្មនេះ»

នៅថ្ងៃសុក្រនេះ អ៉ីស្រាអែល បានប្រើយន្តហោះចម្បាំងប្រមាណ២០០គ្រឿង បើកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំ លើគោលដៅជាង១០០កន្លែង នៅទូទាំងប្រទេសអ៉ីរ៉ង់ រួមមានទាំងរោងចក្រនុយក្លេអ៊ែរ រោងចក្រមីស៊ីលបាលិស្ទីគ និងមេបញ្ជាការយោធា និងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ ជាដើម។

យោធាអ៉ីស្រាអែល បានអះអាងថា អគ្គមេបញ្ជាការកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ នាយសេនាធិការកងកម្លាំងប្រដាប់អាវុធអ៉ីរ៉ង់ និងមេបញ្ជាការនៃបញ្ជាការដ្ឋានគ្រាអាសន្នអ៉ីរ៉ង់ ត្រូវបានសម្លាប់ ក្នុងប្រតិបត្តិការរបស់ខ្លួន។ ដោយឡែក បើតាមប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ ជនស៊ីវិលជាច្រើននាក់ ក្នុងនោះរួមមានទាំងកុមារ បានបាត់បង់ជីវិត ក្នុងការវាយប្រហារលើតំបន់ទីប្រជុំមួយ ក្នុងរដ្ឋធានីតេហេរ៉ង់ ខណៈអ្នកវិទ្យាសាស្រ្តនុយក្លេអ៊ែរអ៉ីរ៉ង់យ៉ាងហោច៦នាក់ ក៏ត្រូវបានសម្លាប់។

គួរបញ្ជាក់ថា មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ត្រូវបានរាយការណ៍ថាមានសុវត្ថិភាពធម្មតា ហើយលោកបានគំរាមថា អ៉ីស្រាអែលនឹងត្រូវទទួលរងផលវិបាកធ្ងន់ធ្ងរ សម្រាប់ការវាយប្រហារមកលើអ៉ីរ៉ង់។ បើតាមយោធាអ៉ីស្រាអែល អ៉ីរ៉ង់បានចាប់ផ្តើមធ្វើសកម្មភាពតបតទៅវិញ ដោយបាញ់បញ្ជូនយន្តហោះដ្រូនជាង១០០គ្រឿង ឆ្ពោះទៅកាន់ប្រទេសអ៉ីស្រាអែល៕