(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលទើបជាប់ឆ្នោត លោក Donald Trump បានអញ្ជើញលោកស្រី Theresa May ដើម្បីបំពេញទស្សនៈកិច្ច នៅសហរដ្ឋអាមេរិក ជួបពិភាក្សាការងារជាមួយលោក ក្នុងពេលវេលាសមស្របឆាប់ៗណាមួយ តាមដែលអាចធ្វើទៅបាន ដោយការអញ្ជើញនេះលោក Trump បានធ្វើឡើងនៅអំឡុងពេល នៃការភ្ជាប់ទូរស័ព្ទជាមួយគ្នាជាលើកដំបូង ចាប់តាំងពីលោកបានឈ្នះការបោះឆ្នោត ជាប្រធានាធិបតីសហរដ្ឋអាមេរិក។ នេះបើតាមព័ត៌មានពីការិយាល័យនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស ចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី១០ ខែវិច្ជិកា ឆ្នាំ២០១៦នេះ។
លោកស្រី May និងលោក Trump បានព្រមព្រៀងគ្នាថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស «គឺពិតជាពិសេស និងមានសារៈសំខាន់ណាស់ ហើយថានឹងកសាងវាឲ្យក្លាយជាអាទិ៍ភាព សម្រាប់ប្រទេសទាំងពីរ»។ នេះបើតាមរបាយការណ៍ របស់ការិយាល័យ នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស បានឲ្យដឹងយ៉ាងដូច្នេះ។
លោកស្រី May បានប្រាប់ទៅកាន់លោក Trump ដែរថា លោកស្រីរំពឹងថា នឹងបង្កើនទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគទ្វេរភាគី ជាមួយនឹងសហរដ្ឋអាមេរិក ក្នុងនាមជាប្រទេសមួយ ដែលចាកចេញពីសហគមន៍អឺរ៉ុប៕