(រ៉ង់ហ្គូន)៖ រដ្ឋមន្រ្តីការបរទេសនិងប្រធានក្រុមប្រឹក្សារដ្ឋនៃប្រទេសមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី នៅថ្ងៃពុធម្សិលមិញនេះ បានផ្ញើរសារជូនពរនិងចូលរួមអបអរសារទរចំពោះប្រធានាធិបតីអាមេរិកថ្មី លោក ដូណាល់ ត្រាំ ដែលកំពុងត្រៀមខ្លួននឹងឡើងកាន់តំណែងជាមេដឹកនាំពិភពលោកជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦។
លោកស្រី អ៊ុងសាន ស៊ូជី បានសរសេរនៅក្នុងលិខិតខាងលើយ៉ាងដូច្នេះថា «ខ្ញុំមានការជឿជាក់ថាទំនុកចិត្តដែលប្រជាជនអាមេរិកបានផ្តល់ជូនលោក នឹងជំរុញឲ្យលោកធ្វើការលើកស្ទួយការអភិវឌ្ឍ, សន្តិភាព, និងវិបុលភាពនៅក្នុងសហរដ្ឋអាមេរិកក៏ដូចជានៅទូទាំងសកលលោក ស្របពេលដែលលោកដឹកនាំប្រជាជាតិដ៏អស្ចារ្យរបស់ខ្លួនទៅកាន់អនាគតដ៏ត្រចះត្រចង់»។
បន្ថែមពីនេះទៀតលោកស្រី ស៊ូជី បានបន្តថា ប្រជាជនមីយ៉ាន់ម៉ាទាំងអស់មានការពេញចិត្តជាខ្លាំង ចំពោះទំនាក់ទំនងដ៏ប្រសើរនិងមានអត្ថប្រយោជន៍ខ្ពស់ រវាងប្រទេសទាំងពីរ ហើយលោកស្រីកំពុងទន្ទឹមរង់ចាំចូលសហការយ៉ាងជិតស្និតជាមួយលោក ត្រាំ ដើម្បីពង្រឹងចំណងមិត្ត, កិច្ចសហប្រតិបត្តិការ, រួមនិងភាពជាដៃគូល្អ រវាងអាមេរិក-មីយ៉ាន់ម៉ាឲ្យកាន់តែរឹងមាំតទៅមុខបន្ថែមទៀត៕