Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បេសកជនអាមេរិក នឹងជួបរដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ នៅចុងសប្តាហ៍នេះ (Video inside)

12-06-2025 11:54

(វ៉ាស៉ីនតោន)៖ បេសកជនពិសេសអាមេរិក លោក Steve Witkoff គ្រោងជួបរដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក Abbas Araghchi នៅក្នុងប្រទេសអូម៉ង់ នាថ្ងៃអាទិត្យចុងសប្តាហ៍នេះ ហើយពិភាក្សាទៅលើការឆ្លើយតបរបស់អ៉ីរ៉ង់ ចំពោះសំណើថ្មីរបស់អាមេរិក សម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ឆ្នាំ ២០២៥។

កាលពីថ្ងៃចន្ទ អ៉ីរ៉ង់បាននិយាយថា នឹងបញ្ជូនសំណើឆ្លើយតបរបស់ខ្លួន មកកាន់អាមេរិកវិញក្នុងពេលឆាប់ៗ។ ប្រធានាធិបតី លោក ដូណាល់ ត្រាំ បាននិយាយថា លោកមានទំនុកចិត្តតិចតួចប៉ុណ្ណោះ ថាអ៉ីរ៉ង់នឹងព្រមឈប់ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម តាមសំណើរបស់អាមេរិកនៅក្នុងកិច្ចព្រមព្រៀង។

គួរបញ្ជាក់ថា លោក ត្រាំ កំពុងស្វែងរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីមួយ ដើម្បីដាក់កម្រិតលើសកម្មភាពចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ហើយធ្លាប់គំរាមទម្លាក់គ្រាប់បែកទៀតផង ប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយ សម្រេចបានជាមួយអ៉ីរ៉ង់។ ចំណែកអ៉ីរ៉ង់ ថាគ្មានគម្រោងផលិតអាវុធនុយក្លេអ៊ែរទេ ហើយថាវាគ្រាន់តែជាប្រភពនៃការផលិតថាមពល និងកម្មវិធីស៉ីវិលផ្សេងទៀតប៉ុណ្ណោះ៕