(តេហេរ៉ង់)៖ រដ្ឋមន្ត្រីការពារជាតិអ៉ីរ៉ង់ លោក Aziz Nasirzadeh បានគំរាមថាប្រទេសរបស់លោកនឹងបើកការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិក ក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើជម្លោះ ឬសង្រ្គាម ផ្ទុះឡើងជាមួយសហរដ្ឋអាមេរិក ខណៈលោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថាលោកកំពុងបាត់បង់ទំនុកចិត្តថាកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៉ីរ៉ង់អាចនឹងសម្រេចបាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ បានជួបចរចាគ្នាចំនួន ៥ជុំរួចមកហើយចាប់តាំងពីខែមេសាមក ហើយកិច្ចចរចាជុំទី៦ ត្រូវបានគេរំពឹងថានឹងធ្វើឡើងក្នុងសប្ដាហ៍នេះ ស្របពេលលោក ត្រាំ កំពុងព្យាយាមស្វែងរកកិច្ចព្រមព្រៀងមួយដែលអាចនឹងរឹតត្បិតលើការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៉ីរ៉ង់។ លោក ត្រាំ ក៏បានគំរាមដែរថានឹងប្រើកម្លាំងយោធាលើអ៉ីរ៉ង់ ប្រសិនបើកិច្ចចរចាបរាជ័យ។ ឆ្លើយតបទៅនឹងភាពតានតឹងជាមួយអាមេរិក លោក Aziz Nasirzadeh បាននិយាយថាអ៉ីរ៉ង់អាចនឹងវាយប្រហារលើមូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ ប្រសិនបើអាមេរិកវាយប្រហារលើ អ៉ីរ៉ង់មុន។ «ក្រុមមន្ត្រីមួយចំនួននៃភាគទាំងសងខាង បានគំរាមពីការផ្ទុះជម្លោះ ប្រសិនបើកិច្ចចរចាមិនអាចសម្រេចបានលទ្ធផលផ្លែផ្កា។ ប្រសិនបើមានការវាយប្រហារលើពួកយើងមុន... នោះយើង នឹងវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកទាំងអស់ក្នុងតំបន់»។ នេះជាការគំរាមរបស់រដ្ឋមន្ត្រីការពារជាតិអ៉ីរ៉ង់។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី១១ ខែមិថុនា ក៏បាននិយាយដែរថាបុគ្គលិកមួយចំនួនរបស់រដ្ឋាភិបាលអាមេរិកនឹងត្រូវចាកចេញពីតំបន់មជ្ឈិមបូព៌ា ដោយសារតែតំបន់នេះអាចនឹងក្លាយជាកន្លែងគ្រោះថ្នាក់ ជាមួយការប្ដេជ្ញាថាសហរដ្ឋអាមេរិកនឹងមិនអនុញ្ញាតឱ្យអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរនោះទេ៕