(ហាណូយ)៖ ក្រុមអ្នកតំណាងរាស្ត្រវៀតណាមនៅថ្ងៃព្រហស្បតិ៍ បានជជែកពិភាក្សាគ្នាលើសំណើបញ្ឈប់ គំរោងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ ជាលើកដំបូងបំផុតនៅក្នុងខេត្តភាគខាងត្បូង Ninh Thuan។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងស្រុក លោក Duong Quang Thanh ប្រធានសមាជិកក្រុមប្រឹក្សាថាមពលវៀតណាម (EVN) បានឱ្យដឹងថា គំរោងអគ្គិសនីជាតិនាពេលថ្មីៗនេះ ត្រូវបានអនុម័តដោយរដ្ឋាភិបាលវៀតណាម ប៉ុន្តែចាប់ពីពេលនេះរហូតដល់ឆ្នាំ២០៣០ នឹងមិនមានថាមពលនុយក្លេអ៊ែឡើយ ខណៈប្រភពថាមពលមួយចំនួន នឹងត្រូវអភិវឌ្ឍន៍បន្ថែមដើម្បីបំពេញតម្រូវការនៅក្នុងស្រុក។ លោក Thanh បន្ថែមថា «ផ្អែកលើការគណនាថ្មីតម្រូវការអគ្គិសនីវៀតណាម នឹងកើនឡើងដល់១១ភាគរយ នៅអំឡុងឆ្នាំ ២០១៦-២០២០ និង ៧ទៅ៨ភាគរយនៅឆ្នាំ២០២១-២០៣០ ដែលនេះគឺទាបជាងការព្យាករណ៍កាលពីឆ្នាំ២០០៩ ដែលថាតម្រូវការនឹងកើនដល់ ១៧-២០ភាគរយ»។
គួររំលឹកថាកាលពីខែវិច្ឆិកា ឆ្នាំ២០០៩ ចំនួនជាង ៧៧ភាគរយនៃសមាជិកសភាវៀតណាម បានឯកភាពលើគោលនយោបាយវិនិយោគលើគំរោងសាងសង់រោងចក្រនុយក្លេអ៊ែរ Ninh Thuan ដែលអាចមានសមត្ថភាពផលិតថាមពលអគ្គិសនីបាន ២,០០០ មេហ្គាវ៉ាត់ ប៉ុន្តែការឯកភាពនេះមិនបានធ្វើឲ្យមជ្ឈដ្ឋានជារួមមានការសប្បាយចិត្តនោះឡើយ ដោយមួយចំនួនបានស្នើឲ្យរដ្ឋាភិបាលគិតគូឡើងវិញអំពីការកសាងរោងចក្រថាមពលដែលអាចផ្តល់ផលអវិជ្ជមានមកវិញនេះ៕