(​បាដាត)៖ ក្រុមអង្គការការពារសិទ្ធិមនុស្សបានចោទប្រកាន់កងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់ ថាបានសម្លាប់​និងធ្វើទារុណកម្មលើជនស៊ីវិលជាច្រើននាក់ នៅឯភាគខាងត្បូងទីក្រុង Mosul ដែលនេះ​គឺហានិភ័យ​មួយ​នៃ​ការកើន ឡើងនៃអំពើរំលោភសិទ្ធិមនុស្សរួមទំាងការធ្វើទារុណកម្ម ខណៈទីក្រុងវ៉ាស៊ីនតោនកំពុងគាំទ្រ​ប្រតិបត្តិការយោធាវាយដណ្ដើមទីក្រុង Mosul ពីពួក ISIS ​មកវិញ​បន្ទាប់ពីក្រុមមួយនេះកាន់កាប់​តំាងតែពីឆ្នាំ២០១៤មក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia​ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦។

យោងតាមអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ជនស៊ីវិល០៦នាក់ត្រូវបាន​សម្លាប់កាលពីខែតុលា នៅក្នុងស្រុក Shura និងស្រុក Qayyara ដោយកងកម្លំាងសន្តិសុខ​ដែលដាក់​ការសង្ស័យលើពួកគេថាមានទំនាក់ទំនងជាមួយនិងពួក ISIS​។ ដោយឡែកអង្គការឃ្លំាមើលសិទ្ធិមនុស្ស (Human Rights Watch) ក៏បានឱ្យដឹងដែរថាមនុស្សប្រុស៣៧នាក់ ត្រូវកងកម្លំាង​អ៊ីរ៉ាក់ និងឃើដ ចាប់ខ្លួននៅប៉ុស្ដិ៍ត្រួតពិនិត្យមួយកន្លែងក្បែរទីក្រុង Mosul ហើយគេមិនដឹងនៅឡើយទេថា អ្នកទាំងនេះត្រូវឃុំនៅកន្លែងឱ្យប្រាកដ។

ទោះបីជាយ៉ាងណាក៏ដោយអ្នកនំាពាក្យក្រសួងមហាផ្ទៃអ៊ីរ៉ាក់បានបដិសេធការចោទប្រកាន់នេះ ត្បិតកងកម្លំាងអ៊ីរ៉ាក់ តែងតែគោ​រពសិទ្ធិមនុស្សនិងច្បាប់អន្តរជាតិជារៀងដរាបមក៕