Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ហេតុការណ៍ផ្ទុះនៅមូលដ្ឋានទ័ពអាកាសអាមេរិក ក្នុងប្រទេសជប៉ុន បណ្តាលឱ្យមនុស្ស ៤នាក់របួស (Video inside)

09-06-2025 14:52

(តូក្យួ)៖ មនុស្សចំនួន ៤នាក់បានរងរបួស ក្នុងការផ្ទុះនៅឃ្លាំងរក្សាទុកគ្រាប់បែកមិនទាន់ផ្ទុះ នៅឯមូលដ្ឋានទ័ពអាកាសរបស់សហរដ្ឋអាមេរិក នៃតំបន់កោះ Okinawa ប្រទេសជប៉ុន នាថ្ងៃចន្ទ ទី៩ ខែមិថុនានេះ ប៉ុន្តែស្ថានភាពពួកគេមិនធ្ងន់ធ្ងរទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

តាមមន្ត្រីនាយកដ្ឋានពន្លត់អគ្គីភ័យក្នុងតំបន់ លោក Akira Kamiunten សមាជិកកងកម្លាំងស្វ័យការពារជប៉ុន (SDF) នៅមូលដ្ឋានទ័ពអាកាស Kadena បានធ្វើការបោសសម្អាត ដើម្បីពិនិត្យរកគ្រាប់បែកដែលអាចផ្ទុះ។ អំឡុងពេលនោះ ស្រាប់តែមានការផ្ទុះឡើងធ្វើឱ្យសមាជិក SDF បុរស ៤នាក់រងរបួស និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ កាសែតក្នុងស្រុកបានរាយការណ៍ថា គ្មាននរណាម្នាក់​ក្នុង​ចំណោម​អ្នក​របួស ​រងការគំរាម​កំហែង​ដល់​អាយុ​ជីវិតនោះទេ។

គួរបញ្ជាក់ថា អំឡុងសង្គ្រាមលោកលើកទី ២ ជប៉ុនប្រើប្រាស់កោះ Okinawa ជាតំបន់ទ្រនាប់ ដើម្បីទប់ស្កាត់កងកម្លាំងរបស់សហរដ្ឋអាមេរិក។ ជាងមួយភាគបួននៃប្រជាជនស៉ីវិលរស់នៅលើកោះដ៏ធំមួយនេះ បានស្លាប់នៅក្នុងសមរភូមិឆ្នាំ ១៩៤៥។ ក្រោយមក នៅឆ្នាំ ១៩៧២ របបគ្រប់គ្រងរបស់សហរដ្ឋអាមេរិកនៅទីនោះ បានបញ្ចប់ដោយសន្ធិសញ្ញារួមគ្នា និងបន្សល់ទុកនូវមូលដ្ឋានទ័ពមួយចំនួន។​ សព្វថ្ងៃ ៧០ភាគរយនៃកោះ Okinawa ត្រូវបានប្រើប្រាស់ជាមូលដ្ឋានទ័ពអាមេរិកនៅជប៉ុន និងមានច្រើនជាងពាក់កណ្តាលនៃវត្តមានទាហានអាមេរិកសរុប ៥០ ០០០នាក់៕