រុស្ស៊ី រុលទៅមុខនៅភាគខាងកើតអ៊ុយក្រែន ខណៈមានជម្លោះរឿងប្រគល់សពទាហាន (Video inside)
08-06-2025 20:42
(មូស្គូ)៖ ប្រទេសរុស្ស៊ី បានអះអាងពីការរុលទៅមុខផ្នែកយោធាថ្មីមួយទៀត នៅភាគខាងកើតអ៊ុយក្រែននៅថ្ងៃអាទិត្យនេះ ដោយកងកម្លាំងរបស់ខ្លួនបានទៅដល់ព្រំប្រទល់នៃតំបន់ Dnipropetrovsk។ ការកើនឡើងនៅលើសមរភូមិនេះ កើតឡើងស្របពេលដែលទីក្រុងមូស្គូ និងកៀវ កំពុងទាស់ទែងគ្នាជាសាធារណៈជុំវិញការប្រគល់សាកសពទាហានរាប់ម៉ឺននាក់។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មាន Reuters រាយការណ៍នៅថ្ងៃអាទិត្យ ទី៨ ខែមិថុនា ឆ្នាំ២០២៥។
ក្រសួងការពារជាតិរុស្ស៊ីអះអាងថា កងពលរថក្រោះទី៩០ បានទៅដល់ព្រំដែនខាងលិចតំបន់ Donetsk ហើយកំពុងវាយប្រហារតំបន់ Dnipropetrovsk។ អ៊ុយក្រែនទទួលស្គាល់ថា «សត្រូវមិនបោះបង់ចេតនា» ចូលតំបន់នេះទេ ប៉ុន្តែកងកម្លាំងខ្លួនកំពុង «ទប់ទល់យ៉ាងក្លាហាន»។ លើសពីនេះ អ្នកនាំពាក្យយោធាអ៊ុយក្រែន លោក Dmytro Zaporozhets បាននិយាយថា រុស្ស៊ីកំពុងព្យាយាមបង្កើត «មូលដ្ឋានឈរជើងសម្រាប់ការវាយលុក» មួយលើក្រុង Kostyantynivka ដែលជាមជ្ឈមណ្ឌលដឹក
ការប្រយុទ្ធគ្នានៅតែបន្តយ៉ាងខ្លាំងក្លា ហើយសូម្បីតែបញ្ហាមនុស្សធម៌ក៏បានក្លាយជាជម្លោះដែរ។ រុស្ស៊ីបានចោទអ៊ុយក្រែនថាពន្យារពេលការប្រគល់សាកសពទាហាន ១២,០០០ នាក់ ដែលជាការចោទប្រកាន់អ៊ុយក្រែនបានបដិសេធ។ ភាពជាប់គាំងនេះបានធ្វើឲ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាត់បង់ការអត់ធ្មត់ ដោយប្រៀបធៀបជម្លោះនេះទៅនឹងការឈ្លោះគ្នារបស់ក្មេងៗ និងព្រមានថាអាចនឹងដកខ្លួនចេញពីការសម្រុះសម្រួល។
គួរបញ្ជាក់ថា ការរុលទៅមុខរបស់រុស្ស៊ីនៅលើសមរភូមិ និងការឈ្លោះប្រកែកគ្នា សូម្បីតែលើការប្រគល់សពអ្នកស្លាប់ បានបង្ហាញពីការឃ្លាតឆ្ងាយពីគ្នាកាន់តែខ្លាំងរវាងភាគីទាំងពីរ និងធ្វើឲ្យក្ដីសង្ឃឹមសម្រាប់សន្តិភាពកាន់តែពិបាក៕