(សេអ៊ូល)៖ នៅក្នុងការសន្ទនាតាមប្រព័ន្ធទូរស័ព្ទជាមួយនឹងប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ ប្រធានាធិបតីត្រៀមឡើងកាន់តំណែងជាផ្លូវការរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសន្យាថានឹងនៅតែបន្តប្តេជ្ញាការពារប្រទេសកូរ៉េខាងត្បូងជានិច្ច ដោយយោងទៅតាមកិច្ចព្រមព្រៀងសន្តិសុខរវាងសម្ព័ន្ធមិត្តទាំងពីរដែលមានអាយុកាលជាច្រើនទសវត្សរ៍មកហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នារសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦។
អ្នកនាំពាក្យវិមានប្រធានាធិបតីកូរ៉េខាងត្បូងបានឲ្យដឹងថា នៅក្នុងជួបសន្ទនាគ្នាតាមទូរស័ព្ទរវាងលោកស្រី ផាក និងលោក ត្រាំ ដែលបានបន្តរហូតជាង ១០នាទី នោះ លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកនឹងនៅបន្តរក្សានូវគោលជំហរយ៉ាងរឹងមាំ ដើម្បីធ្វើយ៉ាងណាការពារប្រទេសកូរ៉េខាងត្បូង ពីការគំរាមកំហែងនានាជាពិសេសពីសំណាក់ប្រទេសកូរ៉េខាងជើង។
នៅក្នុងឱកាសនោះដែរ លោកស្រី ផាក គឺនហេ ក៏បានសម្តែងការអបអរសាទរចំពោះលោក ដូណាល់ ត្រាំ ដែលបានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកថ្មីផងដែរ ហើយលោកស្រីបានលើកឡើងថា សម្ព័ន្ធភាពរវាងប្រទេសទាំងពីរមានការរីកចំរើនទៅមុខកាន់តែខ្លាំង រួមជាមួយនិងការជឿទុកចិត្តគ្នាយ៉ាងជ្រាលជ្រៅ ខណៈកូរ៉េខាងត្បូងនិងអាមេរិកធ្លាប់បានឆ្លងកាត់បញ្ហាលំបាកផ្សេងៗជាច្រើនរាប់មិនអស់នៅក្នុងរយៈពេល ០៦ទសវត្សរ៍កន្លងមកនេះ ហើយលោកស្រីប្រធានាធិបតីក៏បានបង្ហាញក្តីសង្ឃឹមដែរថាចំណងមិត្តភាពដ៏ស្អិតរមួតនេះនឹងបន្តអភិវឌ្ឍន៍កាន់តែប្រសើរថែមទៀតនាពេលអនាគត។
គួរបញ្ជាក់ដែរថាអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត លោក ដូណាល់ ត្រាំ ធ្លាប់បាននិយាយថា លោកនឹងដកកងកម្លាំងយោធាអាមេរិកចេញពីប្រទេសកូរ៉េខាងត្បូង លុះត្រាណាតែទីក្រុងសេអ៊ូល សុខចិត្តចេញថ្លៃពាក់កណ្តាលនូវការចំណាយ នៃការដាក់ពង្រាយយោធារបស់សហរដ្ឋអាមេរិកដែលឈរជើងនៅទីនោះ ហើយបញ្ហានេះគឺជារឿងមួយដែលកំពុងតែធ្វើឲ្យរដ្ឋាភិបាលកូរ៉េខាងត្បូង កើតមានក្តីព្រួយបារម្ភយ៉ាងខ្លាំង៕