(សេអ៊ូល)៖ ប្រជាជនកូរ៉េខាងត្បូងរាប់សែននាក់ត្រូវបានគេអះអាងថា នឹងប្រមូលផ្ដុំគ្នាក្នុងទីក្រុងសអ៊ូល នៅថ្ងៃសៅរ៍សប្ដាហ៍នេះ ដើម្បីធ្វើបាតុកម្មតវ៉ាទាមទារឱ្យប្រធានាធិបតីលោកស្រី ផាក គឺនហេ ចុះចេញពីមុខតំណែងបន្ទាប់ពីមានរឿងអាស្រូវជាមួយលោកស្រី ឆយ ស៊ូនស៊ីល។ នេះបើតាមសមាគមឯកជនមួយមានសមាជិកប្រមាណ ១,៥០០នាក់ដែល ដែលទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ ដកស្រង់សេចក្តីប្រកាសនៅរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦។
សមាគមដដែលដែលមានគោលដៅជំរុញឱ្យលោកស្រី ផាក ចុះចេញពីតំណែងបានប្រកាសថានឹងរៀបចំការប្រមូលផ្ដុំគ្នាទ្រង់ទ្រាយធំមួយនៅឯទីលានកណ្ដាលទីក្រុងសេអ៊ូល នៅថ្ងៃសៅរ៍សប្ដាហ៍នេះដែលវានឹងក្លាយជាបាតុកម្មតវ៉ានៅថ្ងៃចុងសប្ដាហ៍លើកទី៣ គិតចាប់តាំងពីរឿងអាស្រូវផ្ទុះឡើង ខណៈស្ត្រីឈ្មោះ ឆយ ស៊ូនស៊ីល និងមនុស្សជំនិតជាច្រើននាក់របស់លោកស្រី ផាក ត្រូវបានប៉ូលិសឃាត់ខ្លួននៅក្នុងក្របខណ្ឌនៃការស៊ើបអង្កេតពាក់ព័ន្ធនឹងការលូកដៃចូលកិច្ចការដ្ឋ ពីសំណាក់លោកស្រី ឆយ ស៊ូនស៊ីល។
គួររំលឹកថាអាជ្ញាធរប៉ូលិសក៏បានវាយតម្លៃដែរថាបាតុករប្រមាណជា ១៦០,០០០នាក់ ដល់ ១៧០,០០០នាក់ អាចនឹងចូលរួមក្នុងបាតុកម្មតវ៉ានេះ។ ប៉ុន្តែបើតាមក្រុមអ្នករៀបចំការប្រមូលផ្ដុំអះអាងថាមនុស្សដល់ទៅ ៥០០,០០០នាក់ នឹងចូលរួមធ្វើបាតុកកម្មទាមទារឱ្យលោកស្រី ផាក ចុះចេញពីតំណែងនៅបន្ទាប់ពី ក្រុមបាតុករ ២០០,០០០នាក់ បាននំាគ្នាចេញតាមផ្លូវធ្វើបាតុកម្មក្នុងគោលបំណងដូចគ្នានេះ កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន៕