អ្នកវិភាគអះអាងថា កូរ៉េខាងជើងជួបបញ្ហាដាច់ប្រព័ន្ធអ៉ីនធឺណិតទ្រង់ទ្រាយធំ ប៉ុន្តែហាក់មិនមែនមកពីការវាយប្រហារតាមបច្ចេកវិទ្យា (Video inside)
07-06-2025 10:53
(ឡុងដ៍)៖ អ្នកស្រាវជ្រាវមួយរូបដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានអះអាងថា នៅថ្ងៃសៅរ៍ ទី៧ ខែមិថុនា កូរ៉េខាងជើង កំពុងជួបប្រទះការដាច់ប្រព័ន្ធអ៉ីនធឺណិតទ្រង់ទ្រាយធំ ប៉ុន្តែមូលហេតុគឺហាក់មកពីបញ្ហាផ្ទៃក្នុង ជាជាងការវាយប្រហារតាមបច្ចេកវិទ្យា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
យោងតាមការពិនិត្យរបស់ Reuters បណ្តាប្រព័ន្ធផ្សព្វផ្សាយព័ត៌មានធំៗរបស់កូរ៉េខាងជើង ព្រមទាំងវែបសាយរបស់ក្រសួងការបរទេស ពិតជាមិនអាចបើកចេញមែន នាព្រឹកថ្ងៃសៅរ៍នេះ។ អ្នកស្រាវជ្រាវខាងលើ ឈ្មោះ Junade Ali ដែលតាមដានសកម្មភាពអ៉ីនធឺណិតកូរ៉េខាងជើង បាននិយាយថា ការដាច់ចរន្តធំមួយកំពុងកើតឡើង ចំពោះបណ្តាញអ៉ីនធឺណិតរបស់កូរ៉េខាងជើង ដែលប៉ះពាល់ដល់ច្រកផ្លូវទាំងអស់ មិនថាមកពីចិនឬរុស្ស៉ីនោះទេ។
គួរបញ្ជាក់ថា អ្នកស្រាវជ្រាវដដែលបានបន្តទៀតថា ហេដ្ឋារចនាសម្ព័ន្ធអ៉ីនធឺណិតទាំងមូលរបស់កូរ៉េខាងជើង មិនបង្ហាញចេញឡើយនៅលើប្រព័ន្ធនានា ដែលអាចតាមដានសកម្មភាពអ៉ីនធឺណិត។ យ៉ាងណាមិញ អ្នកស្រាវជ្រាវរូបនោះ បានលើកឡើងថា វាពិបាកក្នុងការនិយាយឱ្យច្បាស់ថា តើបញ្ហានេះជារឿងចៃដន្យ ឬកើតឡើងដោយចេតនា ប៉ុន្តែរឿងនេះ ហាក់ដូចជាបញ្ហាផ្ទៃក្នុងជាជាងការវាយប្រហារតាមបច្ចេកវិទ្យា៕