(អេស្ប៉ាញ)៖ ក្រុមតារាវិទូសហភាពអឺរ៉ុបបាននិយាយថា ពួកគេបានទាញយកផលប្រយោជន៍ពីផ្កាយដុះកន្ទុយមួយដើម្បីសិក្សាបន្ថែមអំពីភពទឹកកកដ៏តូចមួយ ឬអាចជា ភពក្រិន ឈ្មោះ Makemake ដែលត្រូវបានគេគិតថាវាមានលក្ខណៈស្រដៀងនឹងភពភ្លុយតូ។ នេះបើយោងតាមប្រភពព័ត៌មានវិទ្យាសាស្រ្ត Science Daily ចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦។
ក្រុមអ្នកស្រាវជ្រាវបានធ្វើសេចក្តីរាយការណ៍នៅក្នុងទស្សនាវដ្តី Nature ថាដំណើរឆ្លងកាត់ដ៏កម្ររបស់ភព Makemake នៅចំពីមុខតារាមួយដួងបានបង្ហាញឲ្យក្រុមអ្នកវិទ្យាសាស្រ្តបានដឹងនូវព័ត៌មានថ្មីៗអំពីទំហំ រូបរាង និងផ្ទៃរបស់វា។ ជាមួយគ្នានេះដែរភព Makemake ត្រូវបានគេអានថា (MAH-kay MAH-kay) ដែលគន្លងរវាងវាមានចំងាយឆ្ងាយជាងគន្លងរវាងភពភ្លុយតូ និងព្រះអាទិត្យ។
គួរបញ្ជាក់ដែរថា ក្រុមអ្នកស្រាវជ្រាវបាននិយាយថា «ភព ភ្លុយតូ, ភព Eris និងភព Makemake គឺជាគំរូភពទឹកកកធំៗទាំង០៣ នៅក្នុងចំនោមភពជាច្រើនទៀតដែលស្ថិតនៅក្នុងគន្លងគោចរឆ្ងាយពីព្រះអាទិត្យរបស់យើង»។ បើតាមដឹងគន្លងរបស់វាគឺធ្វើគោចរនៅឆ្ងាយភពភ្លុយតូតែបន្តិចប៉ុណ្ណោះ ហើយគ្មានអ្វីចម្លែងនោះដែរដែលផ្ទៃរបស់វាអាចនឹងគ្របដណ្តប់ដោយទឹកកកសុទ្ធ។
សម្រាប់ការសិក្សាពី Makemake ក៏មិនខុសប៉ុន្មានពីភ្លុយតូនោះដែរ គឺក្រុមអ្នកវិទ្យាសាស្ត្រចង់ដឹងកាន់តែច្បាស់អំពីប្រវត្តិនៃការកកើតប្រព័ន្ធព្រះអាទិត្យ ខណៈដែលកាលពីឆ្នាំ២០១៥ យើងបានដឹងព័ត៌មានជាច្រើនរួចមកហើយពីភពភ្លុយតូ ដែលត្រូវបានចាត់ទុកជាភពចុងគេនៃប្រព័ន្ធព្រះអាទិត្យ ប៉ុន្តែតាមពិតទៅវាមិនមែនស្ថិតនៅចុងគេនោះទេ គឺនៅមានភពទឹកកកតូចៗជាច្រើនទៀត ដែលស្ថិតនៅឆ្ងាយជាងភ្លុយតូ៕