Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហភាពអឺរ៉ុប បង្ហាញសំឡេងគាំទ្រចំពោះតុលាការ ICC ក្រោយការដាក់ទណ្ឌកម្មរបស់អាមេរិក (Video inside)

06-06-2025 15:59

(ព្រុចសែល)៖ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa នៅថ្ងៃសុក្រ ទី៦ ខែមិថុនា បាននិយាយថា សហភាពអឺរ៉ុប (EU) មានការគាំទ្រយ៉ាងរឹងមាំចំពោះតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បន្ទាប់ពីសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើចៅក្រម៤រូប របស់តុលាការ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក Costa បានសរសេរនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា «តុលាការ ICC ពុំមានគោលជំហរប្រឆាំងប្រជាជាតិណាមួយឡើយ ប៉ុន្តែប្រឆាំងនិទណ្ឌភាព ឬភាពរួចផុតពីសំណាញ់ច្បាប់។ ពួកយើងចាំបាច់ត្រូវតែការពារឯករាជ្យ និងសុក្រឹតភាពរបស់តុលាការអន្តរជាតិនេះ។ ច្បាប់ចាំបាច់ត្រូវតែទទួលជ័យជម្នះលើអំណាច»

គួរបញ្ជាក់ថា ការបង្ហោះសារដូចខាងលើរបស់លោក Costa ធ្វើឡើងមួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ទណ្ឌកម្មទៅលើចៅក្រម៤រូប នៅតុលាការ ICC សម្រាប់ការដែលតុលាការបានចេញដីកាចាប់ខ្លួន នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu និងការសម្រេចចិត្តបើកសំណុំរឿង ជុំវិញការចោទប្រកាន់ថា ទាហានអាមេរិក បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម នៅអាហ្វហ្កានីស្ថាន៕